ក្រុមហ៊ុន​កម្ពុជា​-​ចិន​ចុះ​កិច្ចព្រមព្រៀង​លើទឹក​ប្រាក់​៥២៥​លាន​ដុល្លា​រអាមេរិក

60

ភ្នំពេញ ៖ ​ក្រុមហ៊ុន​ចំនួន​៣៤​របស់​កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៥២៥​លាន​ដុល្លារ​​អាមេរិក​ ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ថ្មី ក្នុង​នាំចេញ​ផលិតផល​ ជាពិសេស​ផ្នែក​វិស័យ​កសិកម្ម ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​។

លោក សុង សៀន​ម៉ៅ ទីប្រឹក្សា​ពាណិជ្ជកម្ម នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស ​នៃ​ក្រសួង​ពាណិជ​កម្ម​ប្រទេស​ចិន​ បាន​ថ្លែង​លើកឡើង​ នៅក្នុង​ពិធី​ជំនួប​ពាណិជ្ជកម្ម ​និង​ការ​ចុះ​អនុ​ស្សាធារណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​-​ចិន​កាលពីថ្ងៃទី​០៨ ខែមករា ​ម្សិល​ម៉ិ​ញ​នេះ​ថា ទំនាក់ទំនង​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម រវាង​ចិន​និង​កម្ពុជា​ បាន​រក្សា​សន្ទុះ​យ៉ាង​ឆាប់រហ័ស ​ក្នុង​នោះ​ប្រទេស​ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ​កម្ម​ទី​១ ​នៃ​ប្រភព​នាំ​ចំណូល​ពី​ប្រទេស​កម្ពុជា ​នៅក្នុង​រយៈពេល​វែង​ផងដែរ​។

លោក​ បន្តថា ជាក់ស្តែង​ចាប់ពី​ដើមខែ​មករា ដល់​ខែ វិច្ឆិកា​ឆ្នាំ​២០១៧ មកនេះ ទំហំ​ពាណិជ្ជកម្ម ​ទ្វេ​ភាគី​រវាង​កម្ពុជា​-​ចិន ឡើង​ដល់​៥២៧០​លាន​ដុល្លា​រអាមេរិក ​កើនឡើង​ប្រមាណ​២៣,% បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ ​ក្នុងនោះ​បើ​គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០១៧​វិញ​ ទំហំ​ទុន​វិនិយោគ​ដែល​បាន​ព្រមព្រៀងគ្នា ពី​ចិន​មក​កម្ពុជា ​មាន​សរុប​១២៥៧​កោដិ​ដុល្លារ​អាមេរិក ​ដែល​នាំ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​ប្រភព​វិនិយោគ​ធំ​ជាងគេ​បង្អស់ របស់​ប្រទេស​កម្ពុជា​ ត្រូវ​ប្រមាណ​ជាង​៣៦% នៃ​ទុន​វិនិយោគ​សរុប​ចូលមក​កម្ពុជា​។

លោក សុង សៀន​ម៉ៅ បាន​ឲ្យ​ដឹងថា ចំពោះ​កិច្ច​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​លើក​នេះ​វិញ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៥២៥​លាន​ដុល្លា​រ​អាមេរិក​គឺ​លើស​៥០​ភាគរយ ​នៃ​ទំហំ​នាំចូល​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន ​គឺជា​ការ​បង្កើន​ទំហំ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ថ្មី​ ដោយមាន​ក្រុមហ៊ុន​ចំនួន​សរុប​៣៤​បាន​ចុះ​កិច្ចព្រមព្រៀង សហកា​រគ្នា​ដែល​បាន​ផ្តោត​សំខាន់​ទៅលើ​ការនាំ​ចេញ​ផលិតផល ម្រេច ​ឈើ ក្រូចឆ្មារ ចេក កៅស៊ូ ស្បែក​ចចក ​ស្បែក​សម្ពោធ ស្ពាន​កាតូត ស្វាយចន្ទី​ ដំឡូង​មី ស្ងួត ម្សៅដំឡូង​មី​ជាដើម ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ឯកឧត្តម ឈួន​ ដា​រ៉ា​ បាន​មានប្រសាសន៍ថា ​កម្ពុជា​ជា​ប្រទេស កំពុង​អភិវឌ្ឍន៍ ​ដែល​ធ្វើ​ឲ្យ​ការនាំចេញ​របស់​កម្ពុជា​មិន​ជាប់​របាំង​បច្ចេកទេស​ទៅកាន់​ទីផ្សារ​អឺរ៉ុប ជាពិសេស​ទៅ​ប្រទេស​ចិន គឺ​មិន​មាន​ជាប់​ពន្ធ​ក្នុង​ការ​នាំចេញ​នោះឡើយ ​ព្រោះ​ដោយសារ​កម្ពុជា​មានការ​អនុគ្រោះ​លើ​ពន្ធ​នាំចេញ ​ហើយ​អ្នក​មក​វិនិយោគទុន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​នៅក្នុង​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​។

ពាក់ព័ន្ធ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន​នេះ ឯកឧត្តម ឈួន ដា​រ៉ា ​ក៏បាន​អំពាវ​តាមរយៈ​ក្រុមហ៊ុន​ជាច្រើន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ចុះ​អនុស្សារណៈ​នេះ និង​បណ្តា​ក្រុមហ៊ុន​ដ៏ទៃទៀត ​ដែលមាន​បំណង​ចង់​មក​បណ្តាក់​ទុន​បន្ថែម​នោះ សូម​សិក្សា​លទ្ធភាព​ដើម្បី​មក​បណ្តាក់​ទុន​កាន់តែច្រើន​ ព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ ប្រកបដោយ​សុខ​សន្តិភាព និង​ស្ថិរភាព​ពេញ​ផ្ទៃ​ប្រទេស និង​ជា​ប្រទេស​កំពុង​ទាក់ទាញ​លើ​ផ្នែក​ឧស្សាហកម្ម​ផងដែរ​៕