មន្ត្រី​កាំកុងត្រូល ព្រួយបារម្ភ​ពី​ការ ដាក់​សា​ធាតុគីមី​ក្នុង​ចំណីអាហារ

42

ភ្នំពេញ ៖ ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ​និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ​និង​គណៈកម្មការ​ផ្សារ បាន​បន្ត​ចុះ​ពិនិត្យមើល​ទំនិញ ​និង​ផ្សព្វផ្សាយ​អំពី​គុណភាព ​និង​សុវត្ថិភាព​ម្ហូបអាហារ ​នៅ​ផ្សារ​ក្រោម​ ស្ថិតនៅ​ភូមិ​វិហារ​ចិន ក្នុង​សង្កាត់​ស្វាយដង្គុំ ​ក្រុង​សៀម រាប ខេត្តសៀមរាប​។

មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ កាលពីថ្ងៃទី​០៨ ខែមករា ​ម្សិលមិញ បាន​បន្ត​ចុះ​ពិនិត្យមើល​ទំនិញ និង​ផ្សព្វផ្សាយ​អំពី គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ ដែល​ដាក់​តាំង​លក់​ក្នុង​ផ្សារ​ក្រោម ក្នុង​សង្កាត់​ស្វាយដង្គុំ ​ក្រុង​សៀមរាប ​ដើម្បី​ស្វែងរក សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ ​និង​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​កំណត់​ប្រើប្រាស់ ​ដែល​ជា​កង្វល់​រួម​របស់ អ្នកប្រើប្រាស់ ​ដែល​ជាក់ស្ដែង​មន្ដ្រី​កាំកុងត្រូល ​បាន​រក​ឃើញ​សារធាតុ​ប៉ូ​រ៉ា​ក់ នៅ​ក្នុង​មី​សរសៃ​លឿង​។

លោក ហៃ វិ​ចិ​ត្ដ មន្ត្រី​កាំ​កុង​ត្រុល​ប្រចាំ​ខេត្ដ​សៀមរាប បាន​ឲ្យ​ដឹងថា ​ការ​ត្រួតពិនិត្យ​ទំនិញ​ជា​ម្ហូប​អាហារ​ ចំនួន ២១​គំរូ ស្មើនឹង​១៤​មុខ រួមមាន គ្រឿង​សមុទ្រ (​មឹក​ក្លាសេ​ ត្រី​សាម​បាក់​ក្លាសេ​) ផ្អក​ត្រី​ប្រា ប្រហិត​សាច់​ត្រី CP ប្រហិត​សាច់ គោ ប្រហិត​សាច់មាន់ ​ប្រហិត​សាច់​ត្រី​ឆ្តោ​ សរសៃ​មី​លឿង សណ្តែក​បណ្តុះ ខ្ញី​ហាន់​រួច​ ស្ពៃជ្រក់ ​ទំពាំង​ត្រាំ ត្នោត​ត្រាំ ក្រអៅ ឈូក​ត្រាំ ​ត្រូវបាន​សាខា​ជ្រើស​យក​មក​ធ្វើ​វិភាគ​បឋម​ដោយ​ប្រើ Test kit ​ដែល​ជា​លទ្ធផល​វិភាគ ទំនិញ​ជា​ម្ហូបអាហារ​ចំនួន ​១៩​គំរូ ស្មើនឹង​១៣​មុខ មាន​អនុលោមភាព ​សុវត្ថិភាព​។

លោក ​បាន​បន្ដថា ដោយឡែក​ចំពោះ​ទំនិញ​ជា​ម្ហូបអាហារ​ចំនួន​២​គំរូ ស្មើនឹង​១​មុខ គឺ ​មី​សរសៃ​លឿង គឺ​មាន​ផ្ទុក​នូវ សារធាតុ​គីមី​ហាមឃាត់ បូរ៉ា​ក់​ (Borax) ​ហើយ​ត្រូវ​បាន​សាខា​ធ្វើ​កំណត់ហេតុ​ដកហូត​បាន​ជាង​២០​គីឡូក្រាម ​យកទៅ​ កម្ទេចចោល​។

លោក​បាន​ឲ្យ​ដឹងថា អ្នកលក់ បាន​សារភាពថា ​ពិតជា​បាន​ដាក់​បន្ថែម​សារធាតុ​គីមី​ហាមឃាត់​នោះ​មែន ហើយ​ត្រូវ បាន​មន្ត្រី​ជំនាញ​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់​នូវ​ការផលិត​ដោយ​ដាក់​បន្ថែម​នូវ​សារ​ធាតុគីមី​ហាមឃាត់​នេះ​ ករណី​មិន​រាងចាល នឹង​ចាត់វិធានការ​ផ្លូវច្បាប់​។ ​ចំពោះ​ការពិនិត្យ​លើ​ទំនិញ​វេច​ខ្ចប់​រួច គឺ​ពុំ​មាន​ទំនិញ​ខូចគុណភាព ​ហួស កាលបរិច្ឆេទ​ប្រើប្រាស់​នោះទេ​។​

មន្ត្រី​ជំនាញ​កាំកុងត្រូល ក្រៅពី​ធ្វើតេស្ត​គុណភាព​ចំណីអាហារ ក៏បាន​ចែក​ផ្សាយ​នូវ​រូបភាព Poster និង​បាន​ណែនាំ អំពី​ផលប៉ះពាល់ ​ដែល​បណ្តាល​មកពី​ការ​បរិភោគ​អាហារ​ខូចគុណភាព​ ព្រមទាំង​បាន​ផ្សព្វផ្សាយ​ដល់​អាជីវករ​ អ្នកលក់ដូរ ត្រូវ​រៀបចំ​ដាក់​តាំង​លក់​ផលិតផល​ឲ្យ​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​។​ លោក​ បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​ថា​ អាជីវករ​ខ្លះ​ នឹង​នៅតែ​បន្ដ​ការ​ប្រើប្រាស់​សារធាតុ​គីមី​នៅក្នុង​ចំណីអាហារ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​៕