គ្រូ​ស្វាយរៀង​ស្នើ​ឲ្យ​ក្លឹប​ចង់​បាន​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី​ធ្វើ​តាម​ច្បាប់​ត្រឹម​ត្រូវ​

218

បាល់ទាត់៖ នៅ​ក្នុង​ឱកាស​ដោះដូរ​កីឡាករ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មីនៃ​លី​ហ្គកំពូល​កម្ពុជាឆ្នាំ​២០១៨ លោក សំ វ៉ាន់​ដេ​ត គ្រូ​បង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ផ្ញើ​សារ​មួយទៅដល់​ក្លឹប​មួយ​ចំនួន ដែល​កំពុង​តាម​ចែចូវ​កីឡា​ករ​ពី​ក្លឹប​ដទៃ ត្រូវ​អនុវត្ត​តាម​ផ្លូវ​ច្បាប់កុំ​ព្យាយាម​ប្រើ​ផ្លូវ​កាត់ ដើម្បី​បង្ហាញ​ពី​ភាព​រីកចម្រើន​លើ​ទីផ្សារ​បាល់ទាត់​កម្ពុ​ជា​ប​ច្ចុ​ប្បន្ន។

ថ្លែងប្រាប់​ក្រុមការងារ BTV លោក សំ វ៉ាន់​ដេ​ត បាន​និយាយ​ធ្ងន់​ៗ​ថា វា​គឺជា​ទម្លាក់​អាក្រក់​ទៅ​ហើយ ដែល​ក្លឹប​មួយ​ចំនួនព្យាយាម​ទាក់ទង​កីឡាករ​ពី​ក្លឹប​ដទៃ​ស្ងាត់ ហើយ​ក្លឹប​នោះទៅ​ទាក់​ទង​កីឡាករ​ត្រឡប់មកវិញ ដោយ​ប្រើ​ផ្លូវ​កាត់​ដូចគ្នា។ តែ​ក្នុង​បាល់ទាត់​សម័យ​ទំនើប​មួយ​នេះ គួរណា​ស​ចៀសវាង​កុំ​ឲ្យ​កើតមាន​បន្ត ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​ក្លឹប​មួយ​ចំនួន ដែល​ខិតខំ​ផលិត​ធនធាន​កីឡាករ។​ ទន្ទឹម​នឹង​ការ​ផ្ញើ​សារ​បែបនេះគ្រូ​បង្វឹក​វ័យ​ក្បែរ ៤០​ឆ្នាំ​រូប​នេះ ​ក៏​បង្ហើប​ពី​តម្រុយ​នាំចូល​កីឡាករ​ក្នុង​ស្រុក​ពី​ក្លឹប​អាស៊ី​អឺរ៉ុប ដែល​ខ្ចី​ជើង​កាលពី​រដូវ​កាល​មុន​ម្នាក់ និង​កីឡាករ​វ័យក្មេងនៅ​សាលា​បាល់ទាត់​ជាតិ​បាទី ២​នាក់ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មីនៃ​លី​ហ្គ​កំពូល​កម្ពុជាឆ្នាំ​២០១៨ ដែល​គ្រោង​បើក​ការប្រកួត​នា​ដើមខែ​មីនា​ខាងមុខ​ផង​ដែរ៕
អត្ថបទ៖ លី ឈុន​ឡា