កងពលធំ​អន្តរាគមន៍​លេខ​៣ គ្រង​ជើងឯក​វិញ្ញាសា​បាល់ទះ​ការប្រកួត​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង លើក​ទី​១

423

បាល់​ទះ៖ ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្រសោប​បាន​តំណែង​លេខ​១ ​វិញ្ញាសា​បាល់ទះក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម ស ខេង អបអរ​ទិវា​ខួប​អនុស្សាវរីយ៍​លើ​ទី​៣៩ នៃ​ជ័យជម្នះ​ ៧​មករាកាលពី​ថ្ងៃ​ទី​០៩ ខែ​មករាម្សិលមិញនៅ​កីឡដ្ឋាន​បាល់ទះ​ខេត្ត​ព្រៃវែង​។ការប្រកួត​ដ៏​តឹងតែង​កងពលធំបាន​យកឈ្នះ​ក្រសួងមហាផ្ទៃ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ៣​សិត​ទល់​នឹង​១​។ នៅ​សិត​ទី​១ ក្រុម​កងទ័ព​បាន​ឈ្នះ​ដោយ​លទ្ធផល ២៥​ទល់​២១ មុន​ត្រូវ​មហាផ្ទៃ​វាយបក​បាន ១-១ វិញ​នៅ​សិត​ទី​២ ដោយ​លទ្ធផល ៣០​ទល់​នឹង​២៨​។ នៅ​សិត​ទី​៣ កងពលធំ​បន្ត​នាំមុខ​ដោយ​ជ័យជម្នះ ២៨​ទល់​នឹង​២៦​។ នៅ​សិត​ចុងក្រោយ​ក្រុម​ទាំងពីរ​ វាយបក​ទៅ​វិញ​ទៅ​មក​យ៉ាង​ប្រកៀក​ប្រកិត ប៉ុន្តែ​សំណាង​បាន​មក​លើ​កងពលធំ ដោយ​ចៅក្រម​កាត់សេចក្ដី​អោយ​បាល់​ជ័យជម្នះ​ចុង​ក្រោយ ២៥ទល់​នឹង២៣​។ ​ក្រុម​ជើងឯក​លើកដំបូង​នេះ​ទទួល​បាន​ប្រាក់​រង្វាន់ ១២​លាន​រៀល ចំណែក​ជើងឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់ ​៨​លាន​រៀល​។ ចំពោះ​ក្រុម​ជើងឯក និង​ជើងឯក​រង​វិញ្ញាសា​បាល់ទាត់​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ដូចគ្នា​៕
អត្ថបទ​៖ ង៉ែត វុទ្ធី