ជន​អន្តោប្រវេសន៍​​ប្រហែល​ ៥០​នាក់​​អាច​​បាត់​បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​លិច​​ទូក​នៅ​ឆ្នេរ​​សមុទ្រ​ប្រទេស​លីប៊ី

272

លីប៊ី៖ ក្រុម​អ្នក​នៅ​មាន​ជីវិត​​ពី​ឧបទ្ទវហេតុ​​​លិច​ទូក​មួយ​គ្រឿង​​ ដែល​បាន​​​កើត​ឡើង​​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​លីប៊ី​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​​បាន​​និយាយ​ថា ​មនុស្ស​ប្រហែល​ ៥០​នាក់​ដែល​បាន​ចេញ​ដំណើរ​​ជាមួយ​ពួក​គេ​កំពុង​បាត់​ខ្លួន និង​ត្រូវ​បារម្ភ​ថា​បាត់​បង់​ជីវិត។

កង​នាវា​ឆ្មាំ​ល្បាត​ឆ្នេរ​​លីប៊ី​បាន​សង្គ្រោះ​​ក្រុម​អន្តោប្រវេសន៍​​ប្រហែល ៣០០​នាក់​ចេញ​ពី​ទូក ៣​គ្រឿង​​​នៅ​តាម​ឆ្នេរ​​សមុទ្រ​ នៃ​ប្រទេស​​នៅ​តំបន់​អាហ្វ្រិក​​ខាង​ជើង​មួយ​នេះ​។ ប៉ុន្តែ​​នា​ឱកាស​នោះ​ទូក​​ ១​គ្រឿង​​ក្នុង​ចំណោម​ទូក​ទាំង ៣​គ្រឿង​​បាន​លិច​ ហើយ​​កង​ឆ្មាំ​ល្បាត​ឆ្នេរ​​បាន​រក​ឃើញ​​អ្នក​នៅ​មាន​ជីវិត​​តែ ១៦​នាក់​ប៉ុណ្ណោះ។ ​អ្នក​នៅ​មាន​​ជីវិត​ជា​ច្រើន​​ដែល​ត្រូវ​បាន​​​គេ​ដឹក​ជញ្ជូន​ ទៅ​កាន់​មូលដ្ឋាន​​កង​នាវា​​ចរ​មួយ​កន្លែង​​ក្នុង​ទីក្រុង​ទ្រីប៉ូលី​​បាន​និយាយ​ថា ​ដំបូង​មាន​​មនុស្ស​ប្រហែល ៧០​នាក់​នៅ​លើ​ទូក​ ១​គ្រឿង​ដែល​​បាន​លិច​នោះ​ ហើយ​ទូក​នោះ​​បាន​ចេញ​ដំណើរ​​ក្បែរ​ទីក្រុង​ខូម​នា​ភាគ​ខាង​​កើត​​ទីក្រុង​​ទ្រីប៉ូលី​​ ហើយ​ទូក​​អន្តោប្រវេសន៍​​ ២​គ្រឿង​ផ្សេង​​ទៀត​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​​ នៅ​ក្បែរ​​​តំបន់​​ហ្សាវីយ៉ា​ភាគ​ខាង​​លិច​ទីក្រុង​​ទ្រីប៉ូលី​ ហើយ​​មាន​​ស្ត្រី​ជន​ជាតិ​​នីហ្សេរីយ៉ា​ម្នាក់​នៅ​​លើ​ទូក​​​ដែល​បាន​លិច​​នោះ៕

អត្ថបទ៖ រិទ្ធី