មនុស្ស ២៩​នាក់​​បាត់បង់​ជីវិត​​​ និង​ ១០​នាក់​រង​របួស​​ ក្រោយ​ពី​​ព្យុះ​​ស៊ីក្លូន​​​អាវ៉ា​បោក​បក់​លើ​តំបន់​ភាគ​ខាង​កើត​ប្រទេស​​ម៉ាដាហ្កាស្ដា​

35

ម៉ាដាហ្កាស្ដា៖ ព្យុះ​ស៊ីក្លូន​ដែល​បោក​​ប៉ះ​នៅ​ភាគ​​ខាង​កើត​​ប្រទេស​ម៉ាដាហ្កាស្ដា​ កាល​ពី​ចុង​សប្ដាហ៍​​មុន​បាន​​សម្លាប់​មនុស្ស​​យ៉ាង​ហោច​ណាស់​ ២៩​នាក់​​ និង​​រង​របួស​ ១០​នាក់​​ ខណៈ​​រាប់​ពាន់​នាក់​ផ្សេង​ទៀត​​បាន​ធ្វើ​បម្លាស់ទី​រស់​នៅ​​ នេះ​បើ​យោង​តាម​​ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​អង្គារ​។

​ព្យុះ​ត្រូពិក​​អាវ៉ា​នេះ​បាន​បោក​​ កាត់​តាម​ប្រទេស​​ម៉ាដាហ្កាស្ដា​កាល​ពី​ថ្ងៃ​សុក្រ និង​​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​​ ដែល​បាន​​បោក​ប៉ះ​យ៉ាង​ធ្ងន់ធ្ងរ​​នៅ​ភាគ​ខាង​កើត​​ឆ្នេរ​​​កោះ​ មាន​ល្បឿន​ចន្លោះ​ពី​ ១៤០ ទៅ ១៩​០​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង​ និង​បាន​​បង្ក​ឲ្យ​មាន​ទឹក​​ជំនន់ ​នៅ​តាម​​ផ្នែក​ជា​ច្រើន​ក្នុង​ទីក្រុង​​អង់តាណាណារីវ៉ូ។ ​លោក​ឧត្ដមសេនីយ៍ឯក​ រេម បូឡាសុនឆាល អនុប្រធាន​​ការិយាល័យ​​ជាតិ​ ទទួល​បន្ទុក​​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​ និង​ហានិភ័យបាន​មាន​ប្រសាសន៍​ថា ​តំបន់​ហូតម៉ាត់ស៊ីត្រា​មួយ​នេះ​​ស្ថិត​នៅ​ចម្ងាយ​ ៤០០​គីឡូម៉ែត្រ​​ភាគ​ខាង​ត្បូង​ក្រុង​​អង់តាណាណារីវ៉ូ​ ត្រូវ​បាន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​​បំផុត ហើយ​ដែល​​នៅ​ក្នុង​ចំណោម​អ្នក​បាត់​បង់​ជីវិត​​ទាំង​នោះ ​មាន​​មនុស្ស ៨​នាក់​​ក្នុង​គ្រួសារ​​តែ​មួយ ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​ពិធី​​បុណ្យ​សព​កាល​ពី​​ថ្ងៃ​អាទិត្យ​ ហើយ​ដែល​​នៅ​ពេល​នោះ​លំនៅឋាន​​របស់​ពួក​គេ​​ ទទួល​រង​គ្រោះ​ដោយ​បំណាក់​ដី​​​គ្រប​ជាប់​ពី​លើ។

ការិយាល័យ​​ជាតិ​ផ្នែក​គ្រប់​គ្រង​​គ្រោះ​មហន្តរាយ​​ និង​ហានិភ័យ ​​បាន​ឲ្យ​ដឹង​​ពី​ចំនួន​​អ្នក​បាត់​បង់​​ជីវិត​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា មាន​​យ៉ាង​ហោច​ណាស់​ ៦​នាក់ ហើយ​មនុស្ស​ជាង ១ម៉ឺន​ ៣​ពាន់​​នាក់​ត្រូវ​បាន​​ភៀស​ខ្លួន ​ចេញ​ពី​កន្លែង​​រស់​នៅ​ដោយ​​សារ​ព្យុះ​ស៊ីក្លូន​នេះ​ ខណៈ​សិស្ស​ជាង​ ១ម៉ឺន ៦​ពាន់​​នាក់​ត្រូវ​ផ្អាក​​ការ​សិក្សា​​ ដោយ​សារ​តែ​​ទឹក​ជំនន់ និង​គ្រោះ​ថ្នាក់​​បំណាក់​ដី​ជា​ច្រើន​​កន្លែង៕​​​

អត្ថបទ៖ រិទ្ធី