MFI វិនិយោគ​កាន់​តែច្រើន​លើ​បច្ចេកវិទ្យា​ដើម្បី​សម្រួល​ដល់​អ្នកប្រើប្រាស់

54

ភ្នំពេញ ៖ ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​(FMI) នានា​បាន​ និងកំពុង​វិនិយោគ​កាន់​តែច្រើន​លើ​ប្រ​ព័ន្ធ​​បច្ចេកវិទ្យា ​ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម ​ក៏ដូចជា​ជួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ​។

អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ​លោក ជា ផល្លា​រិ​ន​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា គ្រឹះស្ថាន​របស់​លោក​បាន​និង​កំពុង​វិនិយោគ​លើ​ប្រ​ព័ន្ធ​បច្ចេកវិទ្យា ដោយ​ឆ្នាំ​២០១៨​នេះ​ លោក​គ្រោង​វិនិយោគ ​ជាង​១​លាន​ដុល្លារ ​លើ​ប្រ​ព័ន្ធ​នេះ ដើម្បី​សម្រួល​ដល់​សង្វាក់​ការងារ​ផ្ទៃក្នុង​របស់​យើង ក៏ដូចជា​ផ្តល់​ភាព​ងាយស្រួល​ ក្នុង​ការ​ទូទាត់​សាច់ប្រាក់​របស់​អតិថិជន​ ព្រោះ​បច្ចេកវិទ្យា​វា​ជួយ​ឲ្យ​មាន​ភាព​ចំណេញ​ច្រើន​ ទាំង​ពេលវេលា និ​ង​ចំណេញ​សាច់ប្រាក់​។

លោក​ បន្តថា ​ការ​វិនិយោគ​លើ​ប្រ​ព័ន្ធ​បច្ចេកវិទ្យា ក៏​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ផលប័ត្រ ​របស់​យើង ​និង​ជួយ​សម្រួល​ដល់​ការ​ទូទាត់​សាច់ប្រាក់​ជាមួយ​អតិថិជន ​ដែល​ពួកគេ​មិន​ចាំបាច់​មកកាន់​ការិយាល័យ​របស់​យើង គឺ​ពួកគេ​អាច​ប្រើប្រាស់​សេវា​ទូទាត់​តាម​ទូរស័ព្ទដៃ ឬ​ស្មា​ត​ហ្វូ​ន​។

អគ្គនាយក​មីក្រូហិរញ្ញវត្ថុ​វិថី លោក​បណ្ឌិត ​ប៊ុន មុនី ​បាន​ទទួលស្គាល់ថា ​បច្ចេកវិទ្យា ​ពិត​ជា​មាន​ចំណុច​ល្អជា​ច្រើន​ និង​ជាការ​បង្ហាញ​ពី​វឌ្ឍនភាព​របស់​យើង​ ដើម្បី​យើង​ឈាន​ទៅមុខ​មួយ​កម្រិត​ទៀត ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ ​ដែល​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​។ ​ហេតុនេះ​ យើង​ត្រូវ​អប់រំ​ពួកគេ​ ដើម្បី​ធ្វើ​ឲ្យ​ប្រ​ព័ន្ធ​នេះ​ដំណើរការ​កាន់តែ​ទូលំទូលាយ​។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ លោក​បណ្ឌិត​ ម៉ី កល្យាណ​ បាន​មានប្រសាសន៍ថា ប្រ​ព័ន្ធ​បច្ចេកវិទ្យា ពិតជា​ជួយ​សម្រួល​ច្រើន​ក្នុង​សេវាកម្ម​ទូទាត់​សាច់ប្រាក់​ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ចំណេញ​ទាំង​ពេលវេលា​ ចំណេញ​លុយ ​និង​ទទួល​បាន​សេវាកម្ម ក៏ដូចជា​ព័ត៌មាន​ ​មាន​ច្បាស់លាស់​ជាង​មុន​៕