បំណាក់​ដី​ និង​ទឹក​ជំនន់​​សម្លាប់​មនុស្ស ១៣​នាក់​នៅ​ក្នុង​រដ្ឋ​ California សហរដ្ឋ​អាមេរិក​

63

អាមេរិក៖ យ៉ាង​ហោច​ណាស់​​​មនុស្ស​ ១៣​នាក់​បាន​បាត់​បង់​ជីវិត​ និង​រាប់​ពាន់​​នាក់​ផ្សេង​ទៀត​​​​ភៀស​ខ្លួន​ចេញ​ពី​លំនៅឋាន​​របស់​ពួក​គេ​ក្នុង​រដ្ឋ​ Southern California កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ខណៈ​ដែល​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​មួយ​បង្ក​ឲ្យ​មាន​​ទឹក​ជំនន់ និង​បំណាក់​ដី​​មួយ​ចំនួន ​​​កើត​ឡើង​នៅ​តាម​​ជម្រាល​ភ្នំ​​មួយ​ចំនួន​​​ធ្លាប់​កើត​មាន​​ភ្លើង​ឆេះ​​ព្រៃ​យ៉ាង​ខ្លាំង ​ជា​បន្ត​បន្ទាប់​បំផ្លាញ​​ដល់​តំបន់​ព្រៃ​​ការពារ​​កាលពី​​ខែ​មុន។

​ព្យុះ​ភ្លើង​ដ៏​ខ្លាំង​ក្លា​​បាន​បង្អុរ​ចុះ​មុន​ពេល​ព្រឹក​​​ថ្ងៃ​អង្គារ​ម្សិលមិញ​ បន្ទាប់​ពី​​អ្នក​ស្រុក​រាប់​ពាន់​នាក់​នៅ​តំបន់​ជនបទ​​សង់តាបាបារ៉ា​ នៅ​តាម​បណ្ដោយ​​ឆ្នេរ​សមុទ្រ​ប៉ាស៊ីហ្វិក​​នា​ភាគ​ខាង​ជើង​ទីក្រុង​ Los Angeles ត្រូវ​បាន​​បញ្ជា​ឲ្យ​​ជម្លៀស​​ខ្លួន​។ លោក Bill Brown អ្នក​ទទួល​ខុស​ត្រូវ​​នៅ​តំបន់​សង់តាបាបារ៉ា​ បាន​និយាយ​​នៅ​ក្នុង​សន្និសីទ​​សារព័ត៌មាន​​មួយ​ថា ​បំណាក់​ដី​​បាន​ផ្ដួល​រំលំ​ដើម​​ឈើ​ជា​ច្រើន​ និង​បំផ្លាញ​​រថយន្ត​ជា​ច្រើន​គ្រឿង​​ និង​បាន​​​គ្រប​លើ​តំបន់​មាន​អ្នក​ស្រុក​​រស់​នៅ​ក្បែរ​ខាង​ដោយ​​លំហូរ​​ភក់​យ៉ាង​ក្រាស់។

ចំនួន​អ្នក​បាត់​បង់​ជីវិត​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​លើស​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដោយ​បំណាក់​ដី​​ក្នុង​រដ្ឋ​ California កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០០៥ ដែល​បាន​​សម្លាប់​មនុស្ស ១០​នាក់​​ ខណៈ​លំហូរ​​បំណាក់​ដី​កើត​ឡើង​​នៅ​តាម​ផ្លូវ​​ជម្រាល​ភ្នំ​​​ក្នុង​ក្រុង​ La Conchita ស្ថិត​នៅ​មិន​ដល់​​ចម្ងាយ ៣២​គីឡូម៉ែត្រ​​ភាគ​ខាត​ត្បូង ​នៃ​កន្លែង​កើត​​​មាន​គ្រោះ​​មហន្តរាយ​​នា​ពេល​ចុង​ក្រោយ​នេះ៕​

អត្ថបទ៖ រិទ្ធី