មនុស្ស​ ៧​នាក់​បាត់បង់​ជីវិត និង​ ២៣​នាក់​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​​នៅ​កណ្ដាល​ទីក្រុង Quetta​

130

ប៉ា​គី​ស្ថាន៖ ​ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស​ ៧​នាក់​បាត់​បង់ជីវិត ​និង ​២៣​នាក់​ផ្សេងទៀត​រង​របួស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ពេល​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​កណ្ដាល​ទីក្រុង Quetta របស់​ខេត្តបាឡូជីស្ថាន ប្រទេស​ប៉ា​គី​ស្ថាន។

​​មន្ត្រី​នគរបាល​ជាន់ខ្ពស់​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​ថា​ ការ​ផ្ទុះ​នេះ​បាន​ដាក់គោលដៅ​លើ​រថយន្ត​ដឹក​ កងកម្លាំង​នគរបាល​មួយ​គ្រឿង​ជិត​តំបន់ ​ដែល​មាន​ការ​យាមកាមសន្តិសុខ​យ៉ាង​តឹង​រឹង ជាទី​ដែល​ប្រមូលផ្ដុំ​ដោយ​អគារ​សភា​ខេត្ត​ និង​ការិយាល័យ​រដ្ឋាភិបាលផ្សេងទៀត​។​ ក្មាន់​បំផ្ទុះ​គ្រាប់​បែក​ម្នាក់​ត្រូវ​គេ​ជឿ​ថា ​បាន​ដើរ​សំដៅ​ទៅ​រថយន្ត​ដឹក​នគរបាល រួចហើយ​បាន​បំផ្ទុះ​ខ្លួនឯង។​ ​សាក​សព​នគរបាល​ ៥​នាក់​ និង​ជន​ស៊ីវិល ​២​នាក់​ព្រមទាំង​ជនរងគ្រោះ​រង​របួស ត្រូវ​បានបញ្ជូន​ទៅ​ទៅកាន់​មន្ទីរពេទ្យ​ស៊ីវិល​។​ ចំណែក​អ្នករបួស​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

ការវាយប្រហារ​នេះ​កើតឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​អភិបាលខេត្តលោក សាន​ណូ​ឡា ហ្សេ​រី បាន​លាលែង​ពី​ដំណែង បើ​ទោះ​ជា​មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា ការ​ផ្ទុះ​នេះមាន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ក្នុង​ខេត្ត​នេះ​ក៏ដោយ​។​ កាលពី​ខែ​មុន​ក្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ​២​នាក់​ សម្រុក​ចូល​ទៅ​ក្នុង​វិហារ​សាសនាគ្រិស្ត​មួយ ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ភាគ​ខាង​ត្បូង​ សម្លាប់​មនុស្ស​ចំនួន​ ៩​នាក់ ​និង​ ៥៦​នាក់រងរ​បួសក្នុង​ការ​វាយប្រហារ​ចុង​ក្រោយ អះអាង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​នេះ៕
អត្ថបទ៖ សុខ​មាន