កុមារ​ស៊ី​រី​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​គំនរ​កម្ទេច​ថ្ម​ បន្ទាប់ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​តំបន់ Eastern Ghouta

122

ស៊ីរី៖ ​រូបភាព​វីដេអូ​គួរ​ឲ្យ​រន្ធត់​ដែល​ត្រូវ​បាន​គេ​បង្ហោះ ​ចូល​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​ទំនង​បង្ហាញ​ពី​សកម្មភាព​ជួយសង្គ្រោះ​ កុមារ​ស៊ី​រី​ម្នាក់​ចេញពី​គំនរ​កម្ទេច​ថ្ម​បាក់​រលំ​ ក្រោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ជាច្រើន​ក្នុង​ទីក្រុង Saqba ស្ថិត​ក្នុង​តំបន់ដែលគ្រប់គ្រង​ដោយក្រុម​ឧទ្ទាមនៅ​តំបន់ Eastern Ghouta ជិត​រដ្ឋធានី​ដា​ម៉ាស​។

​​ក្រុម​ឃ្លាំ​មើ​ស​សិទ្ធិមនុស្ស​របស់​ប្រទេស​ស៊ី​រី​បាន​រាយការណ៍​ថា ការវាយប្រហារតាម​អាកាស​ជា​ច្រើន​លើក ​ទូទាំង​តំបន់​នេះកាលពី​ថ្ងៃអង្គារ​ម្សិលមិញ បាន​បណ្ដាល​ឲ្យមនុស្សជាង​ ២០​នាក់រង​របួស​។​ ពួកគេ​និយាយ​ថា ការវាយប្រហារ​ទាំងនេះ​បាន​កំពុង​ធ្វើឡើងចំនួន​ ១២​ថ្ងៃ​ជាប់ៗ​គ្នា​។ ​តំបន់​ហ្កោ​តា​ខាងកើត​គឺ​ជា​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម ដែល​កំពុង​វាយ​ប្រយុទ្ធ​តតាំង​ជាមួយ​កងកម្លាំង​ របស់​ប្រធានាធិបតី​ស៊ី​រី បា​សា​អាល់ អាសាត ជិត​រដ្ឋធានី​របស់​ប្រទេស​ស៊ី​រី​។

​អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា​ តំបន់​មួយ​នេះ​មាន​ពលរដ្ឋ​រស់នៅ​ចំនួន​ ៤​សែន​នាក់ ហើយ​ថា​ស្បៀងអាហារ​ និង​បរិក្ខារ​ពេទ្យ​ជិត​អស់ហើយ​។ ​ទាហាន​ស៊ី​រី ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​រុស្ស៊ី ​និង​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​បាន​ទម្លាក់​គ្រាប់បែក​ជា​រៀងរាល់ថ្ងៃ​។ ​ក្រុម​ឧទ្ទាម​នៅ​ទីនោះ​បាញ់​ផ្លោង​លើ​តំបន់​នានា ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​៕
អត្ថបទ៖ សុខ​មាន