Carloz Tevez វិល​ត្រលប់​ទៅ Boca Junior ជា​លើក​ទី​បី​

158

បាល់ទាត់៖ ​កីឡាករ​អា​ហ្ស​ង់​ទីន Carlos Tevez បាន​វិល​ទៅ​ទ្រនំ​ចាស់ Boca Junior ជា​លើក​ទី3 និង​បាន​ចូល​ហ្វឹកហាត់​នៅថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ បន្ទាប់ពី​បញ្ចប់​អាជីព​ជាមួយ​ក្លឹប​ចិន Shanghai Shenhua​។

​​កីឡាករ​វ័យ 33ឆ្នាំ​រូប​នេះ​មិន​ជោគជ័យ​ឡើយ​នៅ​ទឹកដី​ចិន ស៊ុត​បញ្ចូល​ទី​បានតែ 4គ្រាប់​ប៉ុណ្ណោះ​ក្នុងចំណោម ការ​បង្ហាញ​ខ្លួន 16ប្រកួត​នៅ​ក្រប​ខណ្ឌ Chinese Super League ទោះបីជា​កីឡាករ​ដែល​មាន​ថ្លៃ​ឈ្នួល​ថ្លៃ​បំផុត​លើលោក 615,000ផោន​ក្នុង​មួយ​សប្ដាហ៍​។ ​Tevez និង Shanghai Shenhua នៅ​មាន​កិច្ចសន្យា 12ខែ​ទៀត តែ​ភាគី​ទាំងពីរ​បាន​សំរេច​លុប​ចោល​កិច្ចសន្យាដោយ​ព្រមព្រៀង​រៀងខ្លួន​។ ​ការ​វិល​មកកាន់ Boca Junior គឺជា​លើក​ទី​បី​ហើយ និង​ជា​ក្លឹប​ដែល Tevez ចាប់ផ្ដើម​អាជីព​បាល់ទាត់​ចន្លោះ​ឆ្នាំ 2001-2004​។ ​បន្ទាប់ពី​ឈ្នះ​ពាន Libertadores Cup និង Intercontinental Cup ជាមួយ​ក្លឹប Tevez បាន​ផ្ទេរ​ទៅ Corinthian និង West Ham មុន​ពេល​ផ្លាស់​ទៅ​ទីក្រុង Manchester ជា​អាជីព​ជោគជ័យ​បំផុត​របស់​ខ្លួន​ឈ្នះ​ពាន English Premier League ពីរ​លើក​ជាមួយ​ក្រុម​ទាំងពីរ​ក្នុង​ទីក្រុង Manchester​។ Tevez ក៏​ឈ្នះ​ពាន Italia Serie A ពីរ​លើក​ផង​ដែរ​ជាមួយ Juventus ឆ្នាំ 2014 និង 2015 មុន​ពេល​ផ្លាស់​ទៅ Boca Junior លើក​ទី​ពីរ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ