ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្លែង​ថា ​ខ្លួន​មិន​បោះ​បង់​ចោល​បំណង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​ឡើយ

53

កូរ៉េខាងត្បូង៖ ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ ​គឺជា​គោលបំណង​តែមួយគត់​ដែល​មិន​អាចបោះបង់ចោល​បាន​។​​កូរ៉េខាងជើង​ និង​ខាងត្បូង​បាន​ព្រមព្រៀងគ្នា​ នៅ​ជំនួប​ផ្លូវការ​លើកដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង ​២​ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​រវាង​ប្រទេស​បង​ប្អូន​កូរ៉េ​ទាំង​២​ តាមរយៈការពិភាក្សា​ និង​ចាប់ផ្ដើម​កិច្ចពិភាក្សា​ផ្នែក​យោធា​ឡើងវិញ ដើម្បី​បញ្ចៀស​ពី​ជម្លោះ​ណាមួយ​ដែល​អាច​កើតមាន​ជាយថាហេតុ​។ ​ភាព​តានតឹង​បាន​កើន​ឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ ជុំវិញកម្មវិធីមី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​​ នៅ​ក្នុង​សុន្ទរកថា​របស់​លោក អំឡុង​សន្និសីទ​សារព័ត៌មាន​ឆ្នាំ​ថ្មី​របស់​លោក ម៉ូ​ន ក៏បាន​លើកឡើង​ផង​ដែរ​ថា រដ្ឋាភិបាល​របស់​លោកនឹង​បន្ត​ធ្វើការ​ ដើម្បីឆ្ពោះ​ទៅ​រកការស្រោចស្រង់​កិត្តិយស ​និង​ភាព​ថ្លៃថ្នូរ​ដែល​ខ្លួន​បាន​បាត់បង់​ ជុំវិញ​រឿង​ស្ត្រី​ទាសករ​បម្រើ​ផ្លូវ​ភេទ ដែល​បង្ខំ​ឲ្យ​ក្មេង​ស្រីៗ ​និង​ស្ត្រី​ៗបម្រើ​ផ្លូវ​ភេទ​ក្នុង​សម័យ​សង្គ្រាម​ជប៉ុន​។

​​ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​ប្រវត្តិសាស្ត្រ​នឹង​ត្រូវ​ទុក​មួយ​ឡែក​សិន ដោយ​ងាករក​កិច្ច​ខិត​ខំប្រឹងប្រែង​រួមគ្នា​ជាមួយ​ប្រទេស​ជប៉ុន​ រួមមាន​កិច្ច​ខិត​ខំ​ប្រឹងប្រែងធានា​ឲ្យ​បាន​នូវសុវត្ថិភាព នៅ​លើ​ឧបទ្វីប​កូរ៉េប្រឆាំង​នឹង​ការ​បាញ់​សាក​ល្បង​មី​ស៊ី​ល ​និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕
​អត្ថបទ៖ សុខ​មាន