ចិន និង​បារាំង​​ព្រមព្រៀង​​គ្នា​ទៅ​លើ​ការ​បង្កើន​នូវ​សន្ទុះ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​​ទ្វេភាគី

56

ចិន៖ ប្រធានាធិបតី​ចិន​ លោក ហ្ស៊ី ជិនពីង និង​​ប្រធានាធិបតី​បារាំង​ លោក អ៊ីម៉ានូអែល ម៉ាក្រុន ​ដែល​​​​​បាន​ធ្វើ​​ទស្សនកិច្ច​​ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អង្គារ​​កន្លង​ទៅ​ បាន​​ឯកភាព​​គ្នា​ទៅ​លើ​​ការ​ជំរុញ​​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​​ប្រកប​ដោយ​​ចិរភាព​ ហើយ​នឹង​ការ​​បន្ត​នូវ​​ភាព​ជា​ដៃ​គូរ​ផ្នែក​​យុទ្ធសាស្ត្រ​​រវាង​ចិន និង​បារាំង។

លោក ហ្ស៊ី ​បាន​​បន្ត​ថា ​លោក ម៉ាក្រុន ​គឺ​ជា​ប្រមុខ​រដ្ឋ​បរទេស​លើក​ដំបូង​គេ​ ដែល​បាន​​មក​ធ្វើ​ទស្សនកិច្ច​​នៅ​ក្នុង​ប្រទេស​ចិន​​នៅ​ក្នុង​ឆ្នាំ​២០១៨ នេះ​ ក៏​ដូច​ជា​មេដឹកនាំ​​​​អឺរ៉ុប​លើក​ដំបូង​ដែរ​ ដែល​មក​ធ្វើ​ទស្សនកិច្ច​​នៅ​ក្នុង​ប្រទេស​ចិន​​ចាប់​តាំង​ពី​សមាជ​ជាតិ​​លើក​ទី១៩ របស់​គណបក្ស​​កុម្មុយនិស្ត​ចិន​មក។ លោក ហ្ស៊ី បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​​ទាំង២ គួរ​តែ​​ផ្ដោត​​ការ​យក​ចិត្ត​​ទុក​ដាក់​​ទៅ​លើ​​ប្រយោជន៍​​ស្នូល​​​ទៅ​វិញ​ទៅ​មក​​ និង​បញ្ហា​ពាក់​ព័ន្ធ​សំខាន់​ៗ​ ហើយ​នឹង​ការ​​ដោះ​ស្រាយ​​ការ​ខ្វែង​គំនិត​​គ្នា ​ដើម្បី​​ធ្វើ​ឲ្យ​​ប្រាកដ​ថាទំនាក់ទំនង​​ទ្វេភាគី ​​​គឺ​ពិត​ជា​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​​​នៅ​លើ​​ផ្លូវ​ត្រូវ​ ដែល​ប្រកប​ដោយ​​ចិរភាព​នោះ៕

អត្ថបទ៖ មករា