លោក សំ វ៉ាន់​ដេ​ត ចាត់​ទុក​ក្រុម​វិសាខា​គឺជា​ក្រុម​គ្រោះថ្នាក់​មួយ​សម្រាប់​រដូវ​កាល​ថ្មី​

32

បាល់ទាត់៖ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ក្រុម​វិសាខាបាន​ប្រកាស​ផ្លូវការ​ ក្នុង​ការ​នាំចូល​កីឡាករ​កូរ៉េខាងជើង ៥​នាក់ ខណៈ ៤​នាក់​ជា​អតីត​កីឡាករ​ក្រុម​ជើងឯក​រង​ក្រសួងការពារជាតិ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​នៃ​លីហ្គ​កំពូល​កម្ពុជា លោក សំ វ៉ាន់​ដេ​ត គ្រូ​បង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាត់​ទុក​ក្រុម​ចំណូល​ថ្មី​មួយ​នេះនឹង​ក្លាយ​ជា​ក្រុម​គ្រោះថ្នាក់​មួយ​ ដែល​ធ្វើ​ឲ្យ​ការប្រកួត​រដូវ​កាល​ថ្មីកាន់តែ​ស្វិតស្វាញ​បន្ថែម​ទៀត។

​លោក សំ វ៉ាន់​ដេ​ត បាន​និយាយ​ថា គ្រាន់តែ​កីឡាករ​កូរ៉េខាងជើង ៤​នាក់ដែល​ធ្លាប់​លេង​នៅ​ក្រសួង​ការពារជាតិ គឺ​ស្ទើរតែ​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ក្រុម​លេង​ទៅ​ហើយ តែ​ប្រសិនបើ​ក្រុម​វិសាខា​បន្ថែម​កីឡាករ​ក្នុងស្រុក ដែល​មាន​បទពិសោធន៍​ទៀត​នោះ​វិសាខា​នឹង​កាន់​តែ​ខ្លាំង ហើយ​អាច​នឹង​ឈាន​ទៅ​ប្រជែង​កៅអី ៤​ក្រុម​ចុងក្រោយ ឬ Top-4 ទៀត​ផង។​ ​បន្ថែម​លើ​ការ​បង្ហាញ​ពី​សញ្ញា​វិជ្ជមានចំពោះ​ក្រុម​ជើងឯក​លីហ្គ​លំដាប់​ទី​២ ឆ្នាំ​២០១៧ នេះ​ដែរ លោក សំ វ៉ាន់​ដេ​ត ក៏បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុម​វិសាខា ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការអភិវឌ្ឍន៍​បាល់ទាត់ រហូត​បាន​ក្លាយ​ជា​សមាជិក​លីហ្គ​កំពូល​កម្ពុជា ហើយ​នៅ​ថ្ងៃ​អនាគត​លោក​ជឿ​ជាក់​ថា វិសាខា នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​ការប្រកួត​ជម្រើស​ជើងឯក​ថ្នាក់​ជាតិ​មួយ​នេះ៕
​អត្ថបទ៖ លី ឈុន​ឡា