នាយ​ឧត្តម​សេនីយ៍ គៀត ​ច័​ន្ធ​ថា​រិ​ទ្ធ ​៖ គ្មាន​ការលើកលែង​នោះ​ឡើយ ​ចំពោះ​នគរបាល​សក្ដិ​៤ ​ប្រើ​ហិង្សា​ លើ​មន្ត្រី​ចរាចរណ៍

76

ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍​ គៀត ច័ន្ទ​ថា​រិ​ទ្ធ ​អគ្គ​ស្នងការ​រង​នគរ​បាលជាតិ​ បាន​លើក​ឡើង​ថា​ យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ​អគ្គស្នងការ​នគរបាល​ជាតិ ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ​នេ​ត សាវឿន ​គឺ​ដាច់ខាត​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់ ​គ្មាន​ការលើកលែង​នោះឡើយ​ ចំពោះ​នគរបាល​សក្តិ​៤ ​ប្រើ​ហិង្សា​លើ​មន្ត្រី​ចរាចរណ៍​កិច្ចសន្យា​សាលា​រាជធានី​ភ្នំពេញ​ កាលពី​កន្លងទៅ​ថ្មីៗ​នេះ​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​បំប៉ន​ដល់​នាយ​នគរបាល​ជាន់ខ្ពស់ ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រមាណ​ជាង​៥០​នាក់ ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នា​ ថ្ងៃទី​១០​ ខែមករា ឆ្នាំ​២០១៨​នេះ​ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ​បាន​លើក ឡើង​ថា ជនសង្ស័យ ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប​ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នឹង​មិន​ត្រូវ​លើកលែង​​នោះ​ឡើយ​ ហើយ​បុគ្គល​នេះ​ ក៏​នឹង​ត្រូវ​ប្រឈម​ដកចេញ​ពី​ការងារ​ផងដែរ​។

សូម​រំលឹកថា ​កាលពី​ថ្ងៃទី​៩​ កន្លងទៅ​ថ្មីៗ​នេះ​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤​ម្នាក់ ​បាន​ប្រើ​អំពើ​ហិង្សា​ដល់​មន្ត្រី​នគរបាល​ចរា​ចរណ៍​ជាប់កិច្ចសន្យា​សាលា​រាជធានី​ភ្នំពេញ ​ដោយ​ករណីនេះ​ បានកើត​ឡើង នៅ​ស្ដុ​ប​ត្រឡោកបែក ​ដោយ​នគរបាល​រូបនេះ ​បាន​បើក​រថយន្ដ​ម៉ាក Ford ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-9099 ​ប៉ុន្ដែ​ដោយ​ខុសច្បាប់​ចរាចរណ៍ ​ក៏​ត្រូវ​បាន​ក្រុម​មន្ដ្រី​ជាប់កិច្ចសន្យា​នោះ​ឃាត់​ដើម្បី​សួរនាំ​។​ពេល​បម្រុង​ឃាត់​សួរនាំ​នោះ ​ជន​បង្ក​មិន​ព្រម​ឈប់​រថយន្ត​នោះឡើយ​ លុះ​មួយថ្ងៃ​ក្រោយ ក៏​បើក​មក​ម្តងទៀត​ស្រាប់តែ​ចុះ​មក​រករឿង​ជនរងគ្រោះ​ រហូត​ប្រើ​ហិង្សា​តែម្តង​។​ ពេល​ចុះ​ពី​រថយន្ដ ​ជនបង្ក​បាន​ទាញ​កអាវ​អូស ​ថែមទាំង​ធាក់​ចំ​ដើមទ្រូង​មួយ​ជើង​ ផ្ងារ​ទៅ​ក្រោយ​បើទោះបី​ជនរងគ្រោះ​ បាន​លត់​ជង្គង់ និង​លើកដៃ​គោរព​ក្នុង​ន័យ​បង្ហាញថា​ សុំទោស​ក៏ដោយ​នោះ​ តែ​យ៉ាង​ណាក្តី​មន្ត្រីនគរបាល​ពាក់​សក្តិ​៤​នោះ​នាពេលនេះ​ត្រូវ​បាន​តុលាការ​កំពុង​បន្ត​នីតិវិធី​ ក្នុងការ​សាកសួរ​។ ​

យ៉ាងណាក៏ដោយ​ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ​បានលើកឡើង​ អគ្គស្នងការ​នគរបាល​ នឹង​មិន​លើកលែង​ឲ្យ​នោះឡើយ ​ហើយ​អាច​នឹង​ត្រូវ​ដក​គេ​ចេញពី​ក្រប ​ខណ្ឌ​នគរបាល​និង​ដាក់ទោស​គេ ​ស្របទៅតាម​ច្បាប់​ផងដែរ​៕