អ្នក​វិនិយោគ​ថា​ កម្ពុជា​គួរ​ទាក់ទាញ​អ្នក​វិនិយោគ​មក​កែច្នៃ​ផលិតផល​កសិ​-ឧស្សាហកម្ម​បង្កើន​តំលៃ​បន្ថែម

131

 

ភ្នំពេញ ៖ អ្នក​វិនិយោគិន​ក្នុងស្រុក​ បាន​ចាត់ទុក​ថា ​ការ​វិនិយោគ​កែច្នៃ​ផលិតផល​ក្នុងស្រុក​គឺជា​រឿង​ដ៏​សំខាន់​ ហើយ​ក្នុង​នោះ​គួរ​មានការ​ទាក់ទាញ​អ្នក​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល ​ក​សិ​-​ឧស្សាហកម្ម​បង្កើន​តំលៃ​បន្ថែម​។

លោក​ឧ​ក​ញ៉ា ហៃ លី​អ៊ាង អគ្គនាយក​ក្រុមហ៊ុន Confirel បាន​ថ្លែងថា ​ការវិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ ផលិតផល ក​សិ​-​ឧស្សា​ហ​កម្ម​ជា​រឿង​ចាំបាច់​ណាស់ ​ហើយ​កម្ពុជា​គួរ​ធ្វើជា​យូរ​មក​ហើយ​ ព្រោះ​ប្រទេស​នៅ​ជិតខាង​កម្ពុជា​អាច​នាំ​ចេញទៅ​ក្រៅ​ប្រទេស​ បាន​មកពី​ការ​បង្កើត​រោង​ចក្រ​កែច្នៃ​ផលិតផល​ក្នុងស្រុក​របស់​គេ​។

លោក​ឧកញ៉ា​ បាន​ថ្លែងថា កម្ពុជា​កាលពី​សម័យ​សង្គម​រាស្ត្រនិយម​មាន​រោង​ចក្រ​កែច្នៃ​ច្រើន​ តែ​ជា​អកុសល​បាន​បំផ្លាញ​ចោល​ ដោយសារតែ​សង្គ្រាម ​ហើយ​បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​ការ​ខ្វះខាត​ ដែល​ត្រូវតែ​បង្កើត​រោងចក្រ​កែច្នៃ​នេះ​ឲ្យ​បាន​ ដើម្បី​សម្រួល​ចរាចរ​ទំនិញ ​និង​ការ​ដាំដុះ​របស់​កសិករ ហើយ​កិច្ចការ​នេះ​បើ​ធ្វើ​មិន​យឺត​ពេល​នោះទេ​។

លោក​ បាន​បញ្ជាក់ទៀតថា​ ការកែច្នៃ​ផលិតផល​ខ្មែរ​ជា​រឿង​ចាំបាច់​ណាស់ ​ដែល​ត្រូវ​ការកែច្នៃ​និង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ក្រៅប្រទេស​ ហើយ​ទន្ទឹម​នោះ​អ្នក​វិនិយោគ​គួរតែ​ស្វែងរក​ទីផ្សារ​ ជាមុន​សិន​។

ចំណែក លោក ជំទាវ តឹក រ៉េត​កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បាន​ថ្លែងថា ​ សព្វថ្ងៃនេះ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្នែក​លើ​វិស័យ​កាត់ដេរ សំណង់ ​ទេសចរ​និង​វិស័យ​កសិកម្ម ប៉ុន្តែ​ដើម្បី​រក្សា​ឲ្យ​ស្ថិរភាព​ជំរុញ​កំណើន​សេដ្ឋកិច្ច​គួរតែ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​ជំរុញ​ការកែច្នៃ​ និង​បង្កើន​ការ​នាំ​ចេញ​ផលិតផល​ដែល​បាន​កែច្នៃ​រួច​។

លោកជំទាវ​ បាន​បន្ថែមថា ខាង​ក្រសួងកសិកម្ម​ក៏​មាន​នីតិវិធី​ដូចជា ច្បាប់​ស្តីពី​ កិច្ចសន្យា​កសិកម្ម​ផងដែរ​ ហើយ​កសិករ​គួរតែ​យល់​ដែរ និង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ផងដែរ​ ទើប​អាច​អនុវត្ត​បានល្អ​ប្រសើរ​តាម​ផែនការ ។

សម្រាប់ លោក​ឧក​ញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​បាន​មានប្រសាសន៍​បញ្ជាក់ថា ​បើសិនជា​អ្នក​វិនិយោគ​ក្នុងស្រុក​មក​វិនិយោគ​នៅ​កម្ពុជា​នោះ​គួរតែ​សិក្សា ​និង​មើល​ពី​ទីផ្សារ​ជាមុន​សិន​ ហើយ​បើ​អត់​ទីផ្សារ​ទេ ​នឹងមាន​បញ្ហា​កើតឡើង​ដែរ ដូចជា​វិស័យ​ស្រូវ​អង្ករ​ដែល​ធ្លាប់​ជួបប្រទះ​កន្លងមក​ដែរ​។

លោក​ឧក​ញ៉ា​ បាន​បន្ថែមទៀតថា​ ការបង្កើត​រោងចក្រ​បាន​នោះ​លុះត្រាតែ​កម្ពុ​ជា​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់ ​ហើយ ចំពោះ​កសិករ​វិញ​ តើ​អាច​ផលិត​បាន​តាម​សេចក្តី​ត្រូវការ​របស់​អ្នក​ផលិត​ហើយ​ ឬ​នៅ រឿង​សំខាន់​កសិករ​គួរតែ​អនុវត្តតាម​កិច្ចសន្យា​កសិកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ទើប​ទៅរួច​៕