នគរបាល​​ទុយនេស៊ី​​ចាប់​ខ្លួន​​មនុស្ស ២៣៧​នាក់​អំឡុង​ការ​ប៉ះ​ទង្គិច​​មួយ​ចំនួន​​ក្នុង​ពេល​តវ៉ា​​​ប្រឆាំង​​នឹង​រដ្ឋាភិបាល​

155

ទុយនេស៊ី៖ ក្រសួង​មហា​ផ្ទៃ​​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា នគរបាល​​ទុយនេស៊ី​បាន​ចាប់​ខ្លួន​​មនុស្ស​ ២៣៧​នាក់​​ ហើយ​ក្នុង​​ចំណោម​នោះ​មាន​​ទាំង​ជន​​អ៊ីស្លាម​​​​ជ្រុល​និយម​ ២​នាក់​ផង​ ក្រោយ​​ពី​មាន​​​ការ​វាយប្រហារ​​​លើ​ប៉ុស្តិ៍​នគរបាល​​ច្រើន​កន្លែង និង​អគារ​​រដ្ឋាភិបាល​​មួយ​ចំនួន និង​ពី​បទ​​បំផ្លិច​បំផ្លាញ​ក្នុង​ពេល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ជា​ច្រើន​លើក។

​សាលារៀន​របស់​ជន​ជាតិ​ជ្វីហ្វ​មួយ​កន្លែង ​ក៏​បាន​ទទួល​​រង​ការ​វាយប្រហារ​​នេះ​ដែរ​ បន្ទាប់​ពី​បាតុកម្ម​បាន​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង​មួយ​នេះ​​កាល​ពី​ថ្ងៃ​អាទិត្យ​​ចុង​សប្ដាហ៍​កន្លង​ទៅ ខណៈ​ដែល​​ពលរដ្ឋ​​តវ៉ា​ប្រឆាំង​​នឹង​ពន្ធអាករ​ថ្មី និង​​ការ​តម្លើង​តម្លៃ​ទំនិញ​ច្រើន​យ៉ាង​​ ដែល​បាន​កំណត់​ឡើង​ដោយ​​រដ្ឋាភិបាល​​កាល​ពី​ថ្ងៃ​ទី១ ខែ​មករា​នោះ ដើម្បី​កាត់​​បន្ថយ​ឱនភាព​​កម្រិត​ខ្ពស់​​ និង​តម្រូវ​​ចិត្ត​ដល់​​អ្នក​ផ្ដល់​​ប្រាក់​ពី​​បរទេស​មួយ​ចំនួន​។ ចាប់​តាំង​​ពី​ការ​ផ្ដើម​​តវ៉ា​​តូច​មួយ​​កើត​ឡើង​​មុន​ពេល​​ប៉ុន្មាន​​ថ្ងៃ ​​នៃ​ទិវា​ចលនា​បះបោរ​​អារ៉ាប់​​លើក​​ទី៧ ដែល​បាន​​រង្គោះ​រង្គើ​​នៅ​តំបន់​​អាហ្វ្រិក​​ខាង​ជើង និង​​មជ្ឈិមបូព៌ា​​ក្នុង​ឆ្នាំ​២០១១​មក មាន​ការ​តវ៉ា​​ជា​ច្រើន​បាន​​​រាល​ដាល​​ទៅ​ដល់​​ទីក្រុង​​ជាង​២០ នៅ​ទូទាំង​​ប្រទេស​​នេះ។

​ក្រុម​សាក្សី​​បាន​និយាយ​​ថា ​នគរបាល​​បាន​​បាញ់​ឧស្ម័ន​​បំបែក​ហ្វូង​​បាតុករ​ជា​ច្រើន​​នៅ​ទីក្រុង​​ទុយនីស​ និង​ក្នុង​ទីក្រុង​​តេប៊ូបា និង​​នៅ​ទីក្រុង​​តូច​​មួយ​ដែល​​នៅ​ក្បែរ​គ្នា​ ដែល​នៅ​ទីនោះ​​មាន​អ្នក​តវ៉ា​​ម្នាក់​បាន​បាត់បង់​ជីវិត​​​កាល​ពី​ថ្ងៃ​​ចន្ទ ទី៨ ខែ​មករា​​​កន្លង​មក​៕​

អត្ថបទ៖ រិទ្ធី