លោកតា​វ័យ 106ឆ្នាំ​សម្រេច​ចូលនិវត្តន៍​ពី​កីឡា​ជិះ​កង់​ហើយ​

147

ជិះ​កង់៖ ​លោកតា​ជនជាតិ​បារាំង Robert Marchand បាន​សំរេច​ចូលនិវត្តន៍​ហើយ​ក្នុង​វ័យ 106ឆ្នាំ​។ ​ការ​សំរេច​ចិត្ត​ចូលនិវត្តន៍​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ មួយ​ឆ្នាំ​បន្ទាប់ពី​លោកតា​បាន​បង្កើត​កំណត់​ត្រា ពិភពលោក​ថ្មី​លើ​ប្រភេទ​អាយុ​លើស 105ឆ្នាំជិះ​កង់​ចម្ងាយ 22គីឡូម៉ែត្រ 528 ក្នុង​រយៈពេល​មួយ​ម៉ោង នៅ​ទីលាន​ប្រណាំង​ភាគ​ខាងលិច​ទីក្រុង​ប៉ារីស ដែល​មាន​ការចូលរួម​ទស្សនា​ពី​តារា​ល្បីៗ​ជាច្រើន​។

​​ជា​អតីតមន្ត្រី​ពន្លត់​អគ្គីភ័យ​លោក Robert Marchand បាន​បង្កើត​កំណត់ត្រា​ជាច្រើន​ក្នុង​វ័យ​ដែល​គ្រប់គ្នា​គិត​ថា ដើរ​សឹងតែ​មិន​រួច​នោះ​។ ​នៅ​ពេល​លោកតា​អបអរ​ខួបកំណើត 100ឆ្នាំ​គត់ លោកតា​បាន​ក្លាយ​ជា​អ្នក​ជិះ​កង់​ដំបូង​ដែល​មាន​វ័យ 100ឆ្នាំ ជិះ​កង់​បាន​ចម្ងាយ 100km​។ ឈាន​ដល់​វ័យ 102ឆ្នាំ លោកតា​ចំណាយ​ពេល 1ម៉ោង​ជិះ​បាន 27គីឡូម៉ែត្រ​។ ​ដើមកំណើត​កើតជា​នៅ​ភាគ​ខាងជើង​ប្រ​ទស​បារាំង​ទីក្រុង Amiens លោក Robert Marchand កើត​នៅ​ឆ្នាំ1911 ចាប់ផ្តើម​ជិះ​កង់នៅ​វ័យ 14ឆ្នាំឆ្លងកាត់​សង្គ្រាមលោក​ពីរ​លើក និង​ចាប់ផ្ដើម​ជា​អ្នក​ជិះ​អាជីព​នៅ​វ័យ 67ឆ្នាំ​។

​​ក្រៅពី​ការ​ជិះ​កង់​កម្សាន្ត​ លោកតា​ជា​មន្ត្រី​ពន្លត់​អគ្គីភ័យ, ជា​អ្នក​ដាំ​អំពៅ, អ្នកជំនួយ​ស្រា និងអ្នក​ដាំ​បន្លែ​។
​​លោកតា​បាន​បង្ហើប​ថា ដើម្បី​ទទួល​បាន​សុខភាព​រឹងមាំ​អាយុ​វែង​បែបនេះ គឺ​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​ទៀត​ទាត់​បំផុត បរិភោគ​បន្លែ​ផ្លែឈើ​អោយ​បាន​ច្រើន ទទួលទាន​កាហ្វេ​មិន​ច្រើនពេក មិន​ជក់បារី​ដាច់ខាត ទទួលទាន​ជាតិ​ស្រវឹង​តិច​បំផុត​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ