ចំណូល​ពន្ធ​ពី​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ឆ្នាំ​២០១៧ ​បាន​ជាង ២២៦ លាន​ដុល្លារ

202

បន្ទាយមានជ័យ ៖ ​ចំណូល​ពន្ធគយ​ច្រក ទ្វារ​ អន្តរជាតិ​ប៉ោយប៉ែត​ ក្នុង​ឆ្នាំ​២០១៧ ​នេះ​បាន​កើនឡើង​ដល់​ទៅ​ជាង ២២៦ លាន​ដុល្លារ​អាមេរិក​។ ​នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក ​អ៊ី ឃីម ​អនុប្រធាន​ការិយាល័យ​គយ ​និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​។

លោក ​បាន​បន្ថែមថា ចំណូល​ដែល​ប្រមូល​បាន​គឺមាន​ការ​កើនឡើង​ដល់​ទៅ ​១១៤,៨០% នៃ​ផែន​ការដែល​បាន​ដាក់​ចេញ ​ខណៈ​ឆ្នាំមុន​ចំណូល​ដែល​ទទួល​បាន​មាន​ជាង ​១៦៨ លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​ចំណូល​ផ្នែក​រទេះ​ប្រចាំឆ្នាំ​២០១៧ ​ប្រមូលបាន​ជាង​ ១៥​ប៊ី​លាន​រៀល​ ឬ​ជិត ៤ លាន​ដុល្លារ​អាមេរិក ​ខណៈ​ឆ្នាំ ២០១៦ ទទួល​បាន​ជាង ៨ ប៊ី​លាន​រៀល ដែល​ស្មើ​ជាង​២​លាន​ដុល្លារ​អាមេរិក​។

ទោះជា​យ៉ាងណា​លោក ​បាន​បន្ថែមថា ​ការ​ប្រមូល​ពន្ធ​មានការ​ប្រឈម​ច្រើន​ដោយសារ​អ្នក​អូស​រទេះ​មួយ​ចំនួន​ថៅកែ​មិន​ព្រម​ចេញមុខ​ ប៉ុន្តែ​ក្នុងនាម​អ្នកទទួលខុសត្រូវ​លើ​ការ​ប្រមូល​ពន្ធ​មានតែ​ខិតខំ​បំពេញការងារ​ឱ្យ​ល្អប្រសើរ​តែប៉ុណ្ណោះ​។

ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវបាន​ចាត់ទុកជា​ច្រកទ្វា​រធំ​ជាងគេ​ក្នុងការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​-​ថៃ ខណៈ​ថៃ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ ​លោក អ៊ី ឃីម​ បាន​អំពាវ​ដល់​បងប្អូន​អាជីវករ ​ជាពិសេស​អ្នក​ដែល​ត្រូវ​បង់ពន្ធ​នៅ​ផ្នែក​ត្រួតពិនិត្យ​ទីលាន​រទេះ​ និង​គល់​ស្ពាន​ត្រូវ​បំពេញ កាតព្វកិច្ច​បង់ពន្ធ​ឱ្យ​បាន​គ្រប់ៗ​គ្នា​៕