ចំនួន​អ្នក​បាត់​បង់​ជីវិត​​ក្នុង​បំណាក់​ដី​​​នៅ​រដ្ឋ​ California សហរដ្ឋ​អាមេរិក​​បាន​កើន​ឡើង​ដល់ ១៧​នាក់​

75

អាមេរិក៖ ចំនួន​​អ្នក​ស្លាប់​​ក្នុង​គ្រោះ​បំណាក់​ដី​​​​នៅ​រដ្ឋ California បាន​កើន​​ឡើង​ដល់​ ១៧​នាក់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ បន្ទាប់​ពី​សាក​សព​​មនុស្ស ២​នាក់​ទៀត​​ត្រូវ​បាន​គេ​រក​ឃើញ​​ថែម​ទៀត​​នោះ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​​ពី​អ្នក​ទទួល​ខុស​ត្រូវ​​ក្នុង​តំបន់​​។

​លោក Bill Brown អធិការ​ស្រុក​​សង់តាបាបារ៉ា​ឲ្យ​ដឹង​ថា ​មនុស្ស ១៣​នាក់​ទៀត​​​កំពុង​បាត់​​ខ្លួន​​​នៅ​តាម​កន្លែង​បំណាក់​ដី​មួយ​ចំនួន​ ដែល​បាន​បំផ្លាញ​​លំនៅឋាន​​របស់​ក្រុម​គ្រួសារ​​​នៅ​ដាច់​ៗ​ពី​គ្នា​ ១០០​ខ្នង។ ​បំណាក់​ដី​​​កើត​​មាន​​ច្រើន​កន្លែង​​នៅ​តំបន់​សង់តាបាបារ៉ា​​ បណ្ដាល​មក​ពី​​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ​ទី៩ ខែ​មក​រា​​កន្លង​មក​នេះ បាន​បំផ្លាញ​លំនៅឋាន​​នៅ​ដាច់​ៗ​​តែ​ឯង​ចំនួន ១០​០ខ្នង​ និង​ធ្វើ​ឲ្យ​ខូច​ខាត​អគារ​ផ្សេង​ទៀត​​​រាប់​រយ​ខ្នង​​ ព្រម​ទាំង​​ធ្វើ​ឲ្យ​មនុស្ស​ ២៨​នាក់​រង​របួស​ នេះ​បើ​យោង​តាម​​សម្ដី​របស់​​លោក Amber Anderson អ្នក​នាំ​ពាក្យ​​របស់​ផ្នែក​​ពន្លត់​អគ្គិភ័យ​​ នៅ​តំបន់​សង់តាបាបារ៉ា​មួយ​នេះ។ វា​ជា​​គ្រោះ​មហន្តរាយ​​លំហូរ​បំណាក់​ដី​​នា​ពេល​ចុង​ក្រោយ​​បំផុត​ នៅ​តំបន់​កំពុង​​នៅ​មាន​ការ​ស្ថាបនា​​ឡើង​វិញ​ បន្ទាប់​ពី​មាន​​ភ្លើង​ឆេះ​ព្រៃ​ជា​ច្រើន​​លើក​មក​នោះ៕

អត្ថបទ៖ រិទ្ធី