ប្រមុខ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង យល់ស្រប​ ​ជា​ឯកច្ឆន្ទ​រាល់​គំនិត​ផ្ដួចផ្ដើម​ទាំងអស់

122

ភ្នំពេញ ៖ ​ប្រមុខ​ដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​ទាំងអស់​ បាន​យល់ស្រប​ជា​ឯកច្ឆន្ទ​រាល់​គំនិត ផ្ដួចផ្ដើម​ទាំង​អស់​នៃ​កិច្ចប្រជុំ​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រទេស​ចិន ​ហើយ​គម្រោង​នេះ​ នឹងធ្វើ​ឲ្យ ​ប្រទេស​ជា​ភាគី​នីមួយៗ​ កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ​។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ស្តីពី​ លទ្ធផល​ នៃ​កិច្ចប្រជុំ​​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ លើក​ទី​២ ​នា​ថ្ងៃទី​១០​ ខែមករា ឆ្នាំ​២០១៨​នេះ​ បាន​ឲ្យ​ដឹង​ថា​ ប្រមុខ ​ដឹកនាំ​ទាំងអស់​បាន​កត់សម្គាល់​ដោយ​សេចក្តី​សោមនស្ស ​ដោយ​គម្រោង ឆាប់​ទទួល​បាន​ផល​ភ្លាមៗ​ទាំង​៤៥​ និង​គំនិត​ផ្ដួចផ្ដើម​ទាំង​១៣ ដែល​បាន​ដាក់​ចេញ​ដោយ​ប្រ ​ទេស​ចិន​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​ ដោយ​ប្រទេស​ចិន​សម្រាប់​ការ​គាំទ្រ​គម្រោង ​ខ្នាតតូច ​និង​មធ្យម ប្រមុខ​ដឹកនាំ​ទាំងអស់​ បាន​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​ ដោយ​គម្រោង​ចំនួន ១៣២ ​នៅ​ក្នុង​បញ្ជី​គម្រោង​ដំណាក់កាល​ទី​១ ​ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០១៧​ ត្រូវបាន​អនុម័ត​ជា​បន្តបន្ទាប់​។

សេចក្តីប្រកាស​ព័ត៌មាន ​បាន​បន្ត​ទៀ​តថា​ បន្ថែម​លើក​ការ​រីកចំរើន​ទាំងនេះ​ ប្រមុខ​ដឹកនាំ ទាំងអស់​បាន​ឈាន​ដល់​ការ​ឯកភាព​មតិ​ជា​ឯកច្ឆន្ទ និង​បាន​អនុម័ត​ឯកសារ​សមិទ្ធផល​សំខាន់​ចំនួន​២​គឺ​សេចក្តី​ថ្លែង​ការណ៍​ក្រុងភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ លើក​ទី​២​និង​ផែនការ​សកម្មភាព​៥​ឆ្នាំ​ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ (២០១៨២០១២០)​

ប្រមុខ​ដឹកនាំ​ទាំងអស់​បាន​កត់សម្គាល់​បញ្ជី​គម្រោង​ដំណាក់កាល​ទី​២​ ដែល​នឹងត្រូវ​ គាំទ្រ​ដោយ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០១៨ ​និង​របាយការណ៍​វឌ្ឍនភាព​នៃ​ក្រុម ​ការងារ​រួម​តាម​វិស័យ​អាទិភាព​គន្លឹះ​ទាំង​៦​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ បានបញ្ជាក់​ទៀតថា ​ប្រមុខ​ដឹកនាំ​ទាំងអស់​បាន​អបអរសាទរ​ចំពោះ​ការ​បង្កើត​លេខាធិការដ្ឋាន​ជាតិ​/​អង្គភាព​សម្របសម្រួល ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នៅ​ក្នុង​ប្រទេស​ទាំង​៦​មុន​កាលបរិច្ឆេទ​ដែល​បាន​កំណត់​ការ​ទទួល​និង​ការ​អនុម័ត​លើ​បញ្ជី​គម្រោង​ដំណាក់កាល​ទី​១ ​នៃ​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​ មេគង្គ​ឡាន ឆាង ​ការបង្កើត​និង​ដំណើរការ​នៃ​ក្រុមការងារ​រួម​តាម​វិស័យ​ជា​អាទិភាព​គន្លឹះ​ទាំង​៦​ ការ​បង្កើត ​មជ្ឈមណ្ឌល​សកល​សម្រាប់​ការសិក្សា​ទន្លេ​មេគង្គ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ​ប្រមុខ​ដឹកនាំ​ទាំងអស់​ក៏បាន​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព ដែល ​សម្រេច​បាន​ស្របតាម​ទិសដៅ​នៃ​សេចក្តី​ថ្លែងការណ៍​ក្រុង​សាន​យ៉ា ​ដែល​បានអនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​១​នៅ​ទីក្រុង​សាន​យ៉ា ​ប្រទេស​ចិន ​កាលពី​ខែមីនា ​ឆ្នាំ​២០១៦​កន្លងទៅ​ផងដែរ​។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ ដដែល​បាន​បញ្ជាក់​ទៀតថា ​នៅក្នុង​កិច្ចប្រជុំ​នោះ​សម្តេច តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​ម្ចាស់ផ្ទះ និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ ​បាន​លើក ​ឡើង​អំពី​សារៈសំខាន់​ នៃ​សន្តិភាព​ប្រកបដោយ​និរន្តរភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរ ​អង្វែង​នៅ​តំបន់​មេគង្គ ​ដែល​កាលពី​អតីតកាល​ធ្លាប់​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទាំ​ដោយសារ ​សង្គ្រាម និង​ការប្រកួតប្រជែង​នៃ​មនោគមវិជ្ជា​។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ពី​សមិទ្ធផល​ដ៏​វិសេសវិសាល​នៃ​ន​តំបន់ ​មេគង្គ​ក្នុងការ​សម្រេច​បាន​នូវ​សន្តិ​សហ​វិជ្ជមាន តាមរយៈ​ការ​គោរព​ទៅវិញទៅមក ចំពោះ​បូរណភាព​ទឹកដី​ និង​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញ ទៅមក​។ ស្មារតី​នេះ​ ពិត​ជាមាន​សង្គតិ​ភាពជា​មួយ​គុណ​តម្លៃ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន ​ឆាង ដែល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ឯកភាព​មតិ​ឯកច្ឆន្ទ ​សមភាព​ការពិគ្រោះ​យោបល់​ និង​ការ​សម្រប​សម្រួល​គ្នា​ទៅវិញទៅមក ​ការ​ស្ម័គ្រចិត្ត ​ការចូលរួម​ជាមួយគ្នា​ និង​ផលប្រយោជន៍​ រួម​ព្រមទាំង​ការ​គោរព​ចំពោះ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ និង​ច្បាប់​អន្តរជាតិ​នានា​ជាដើម​។

នៅក្នុង​កិច្ចប្រជុំ​នោះ​ក៏បាន​កត់សម្គាល់​ពី​ការ​ចប់​អាណត្តិ​ភាពជា​សហប្រធាន​ដែលមាន ​រយៈពេល​ពីរ​ឆ្នាំ​របស់​កម្ពុជា​ដោយមាន​ចិន​ជា​សហប្រធាន​អចិន្ត្រៃយ៍​ហើយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ ប្រជុំ​សម្តេច​តេ​ជោ​ ហ៊ុន សែន ​បាន​ប្រគល់​ច្រវា​ទូក​ដែល​ជា​និមិត្តសញ្ញា​នៃ​ភាពជា​សហ​ប្រធាន​ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ជូន​ដល់​ឯកឧត្តម ​ថង​លូន ស៊ី​ស៊ូ​លី​ត ​នាយករដ្ឋមន្ត្រី​នៃ សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ​ក្នុងឋានៈ​ជា​សហប្រធាន​បន្ទាប់​ផងដែរ​។

សូម​រំលឹកថា​ នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​នេះ​គឺ​មាន​ប្រទេស​ចំនួន​៦​មានដូចជា​ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន​។​ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម ​លី ខឺ​ឈាង​ បាន​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ ​ប្រកបដោយ​ភាព​ជោគជ័យ​និង​ប្រវត្តិសាស្ត្រ​ក្រោម​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»