កូរ៉េខាងជើង​យកឈ្នះ​ក្រុម​ថៃ 1-0 នៅ​ថ្ងៃ​បើក​ការប្រកួត​ពូ​ល B នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​

129

បាល់ទាត់៖ ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​យុវជន​អាយុ​ក្រោម ២៣ឆ្នាំ​អាស៊ី​ បាន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ប្រកួត​របស់​ខ្លួន​តាំង​ពី​ថ្ងៃ​អង្គារ​ទី​០៩ ខណៈ​ដែល​យប់មិញ​នេះ​ការប្រកួត​ពូ​ល B ក៏បាន​ឈាន​ចូល​មកដល់​រវាង​ក្រុម​កូរ៉េខាងជើង​ជួប​ក្រុម​ថៃ។​​ក្រុម​កូរ៉េ​ខាង​អាច​ស្វែងរក​គ្រាប់​នាំមុខ​មុន 1-0 នៅ​ត្រឹម​នាទី​ទី​២ ដំបូង​តែប៉ុណ្ណោះ​ដោយ​កីឡាករ Ri Hun ស៊ុត​បាន​យ៉ាង​ល្អ ខណៈ​ដែល​នៅ​នាទី​ទី១៥ ថៃ​មានឱកាស​ដែរ​ពី Saringkan Promsupa ដោយ​ថ្វី​ក្បាល​ប៉ុន្តែ​មិន​សំណាង​ដែល​បុក​នឹង​រ​បាទី ក្រោយ​លើក​បាល់​កាត់​ពី​ជ្រុង។​ ​ឈាន​ចូល​ការប្រកួត​បន្ត​ក្នុង​វគ្គ​ទី​២ កូរ៉េខាងជើង​មានឱកាស​បន្ត​ពី Kim Yu Song ប៉ុន្តែ​ស៊ុត​ខុស​គោលដៅ​នាទី​ទី​៧៦ មុន​ពេល​ដែល Kim Yu Song រូប​នេះ​ដដែល​មានឱកាស​ជាថ្មី​តែ​ក៏​ត្រូវ​អ្នកចាំទី Nont Muangngam ជួយសង្គ្រោះ​បាន​ដូច្នេះ​លទ្ធផល 1-0 នេះ​ក៏​រក្សា​រហូតដល់​ចប់​ការប្រកួត​។​ ​ដូច្នេះ​កូរ៉េខាងជើង​មាន​៣​ពិន្ទុ​ឈរ​លេខ​២ ​ក្នុង​ពូ​ល​B ក្រោម​ជប៉ុន​ដែល​បាន​យកឈ្នះ​ប៉ាឡេស្ទីន 1-0 ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ​