ក្រុមហ៊ុន​អា​រ៉ា​កា​វ៉ា​អនុញ្ញាត​ឲ្យ​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ប្រមាណ​៣០០​នាក់​ចុះ​កម្មសិក្សា​

73

ភ្នំពេញ៖ ​ក្រុមហ៊ុន​សំណង់​ជប៉ុន អា​រ៉ា​ខា​វ៉ា ប្រកាស​ទទួល​ស្វាគមន៍​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC) ក្នុង​ការចុះ​ទស្សនកិច្ច ឬ​ធ្វើ​កម្មសិក្សា​នៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន ដើម្បី​ទទួលយក​បទពិសោធន៍​ការងារ​ពី​វិស្វករ​ជំនាញ ក្នុង​បំណង​រួមចំណែក​អភិវឌ្ឍ​វិស័យ​វិស្វកម្ម​នៅ​កម្ពុជា​។​

​​ថ្លែង​ក្នុង​សិក្ខាសាលា ផ្តល់​ព័ត៌មាន​បន្ថែម​ស្តីពី​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ល្ងាច​ថ្ងៃទី​១០​មករា ២០១៨​កន្លងមក សហ​ស្ថាបនិក នៃ​ក្រុមហ៊ុន​សំណង់​ជប៉ុន​មួយ​នេះ លោក​អៀង សុធា​រ៉ា​ថា អា​រ៉ា​កា​វ៉ា បើកចំហ​ស្វាគមន៍​និស្សិត​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​ការចុះ​ទស្សនកិច្ច​សិក្សា​នៅ​ការដ្ឋាន​ផ្ទាល់ ក៏​ដូច​ការចង់​បង្កើន​បទពិសោធន៍​ការងារ តាមរយៈ​ការចុះ​កម្មសិក្សា​ទៅលើ​ផ្នែក​ណាមួយ នៃ​ការសាងសង់​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​ក៏បាន​ដែរ ប៉ុន្តែ​នីតិវិធី​ត្រូវអនុវត្ត​តាមរយៈ​សាលា​។

លោក​បន្តថា មុននឹង​ក្រុមហ៊ុន​ឲ្យ​និស្សិត​ទៅ​មើល​ការដ្ឋាន ក្រុមហ៊ុន​មាន​បន្ទប់​ប្រជុំ​នៅ​ការដ្ឋាន​ស្រាប់ ដោយមាន​អ្នកជំនាញ​ពន្យល់ ណែនាំ​ទៅតាម​ពេលវេលា​ដែល​សមស្រប និង​ពេលវេលា​ដែល​អនុញ្ញាត​។ ទស្សនកិច្ច​សិក្សា​យើង​អាចធ្វើ​ពីរ បី​ម៉ោង ឬ​ធ្វើ​មួយ​ព្រឹក​ពេញ​។

​​​លោក អៀង សុធា​រ៉ា បញ្ជាក់​ទៀតថា ក្រុមហ៊ុន​ជ្រើសរើស​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចូល​សិក្សា ដកស្រង់​បទពិសោធន៍ ដោយសារតែ​លោក​បាននិងកំពុង​អនុវត្តតាម​គោលការណ៍​ទំនួល​ខុសត្រូវ​សង្គម ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CSR (Corporate Social Responsibility)។ ជាពិសេស​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង​៧០​លាន​ដុល្លារ​អាមេរិក សាងសង់​លំនៅឋាន​បែប​ខុន​ដូរ ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​។

​​​ឯកឧត្តម​ជា សុផារ៉ា ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋ​ម​ន្រី្ត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​លំនៅឋាន​អា​រ៉ា​កា​វ៉ា​កាលពីពេល​ថ្មីៗ​នេះ​ថា ក្នុងនាម​ក្រសួង សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​រៀបចំ​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ​របស់​អា​រ៉ា​ខា​វ៉ា​នេះ​។

​ជាពិសេស​ជឿជាក់​យ៉ាង​មុត មាំ​លើ​សហ​ស្ថាបនិក​ទាំងអស់ និង​ប្រ​វ​តិ្ត​ការងារ​របស់​ក្រុមហ៊ុន​នេះ ហើយក៏​បានស្នើ​ឲ្យ​ដៃគូ​ពាក់ព័ន្ធ​សហការ​ឲ្យ​បានល្អ​។​

ក្រុមហ៊ុន​អា​រ៉ា​កា​វ៉ា បាន​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយ​នេះ ធ្លាប់មាន​បទពិសោធន៍​សាងសង់​អាគារ Bellevue Serviced Apartments ដែលមាន​ទីតាំងនៅ​តំបន់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​៕