រដ្ឋាភិបាល​កម្ពុជា​រៀបចំ​របប​សន្តិសុខ​សង្គម​ជូន​ដល់​មន្ត្រី​សា​ធា​រណៈ​

94

ភ្នំពេញ៖ ក្រៅពី​គោលនយោបាយ​ដំឡើង​ប្រាក់បៀវត្សរ៍ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​រៀបចំ​ឯកសារ​បន្ថែម​ស្របតាម​ព្រះរាជក្រឹត្យ​ដាក់​អោយ​ប្រើប្រាស់​របប​សន្តិសុខ​សង្គម​ជូន​ដល់​មន្ត្រីរាជការ កងកម្លាំង​នគរបាល មន្ត្រី​ចូល​នី​វត្ត និង​មន្ត្រី​សាធារណៈ ​នៅពេល​ជួប​ហានិភ័យ​ណាមួយ​កើតឡើង។

ការធ្វើ​យ៉ាង​ដូច្នេះ ត្រូវ​បាន​គេ​មើលឃើញថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ផ្តល់​របប​សន្តិសុខ​សង្គម​ដល់​កម្មករ កម្មការិនី និង​អ្នក​ធាក់ស៊ីក្លូ​ជាដើម​នាពេល​កន្លងមក​។

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ បានរៀបចំ​កិច្ចប្រជុំ ពិភាក្សា​ពី​ការផ្តល់​របប​សន្តិសុខ​សង្គម​ជូន​ដល់​មន្ត្រី​រាជ កងកម្លាំង​នគរបាល និង​មន្ត្រី​សាធារណៈ​ផ្សេងទៀត ដើម្បីអោយ​ពួកគេ​អាច​ទទួលបាន​ផលប្រយោជន៍​នានា​នៅពេល​ជួប​គ្រោះ​ហា​នី​ភ័យ​ណា​មួល​កើតឡើង​ជាយថាហេតុ​។​

កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ក្រសួងមហាផ្ទៃ​នេះ ក៏បាន​ពិភាក្សា​លើ​មា​ត្រា​មួយ​ចំនួន​ដែល​បានចែង​ក្នុង ព្រះរាជក្រឹត្យ​លេខ ន​.​ស​.​រ​.​ក​.​ត​០២១៧/ ០៧៨ ស្តីពី​បង្កើត​របប​សន្តិសុខ​សង្គម​ស្តីពី​ហា​នី​ភ័យ​ការងារ សម្រាប់​មន្ត្រី​សាធារណៈ និង​ផ្នែក​ថែ​ទាំង​សុខភាព​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង អតីតយុទ្ធជន​។

បើតាម​ការ​អោយដឹងពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា កងកម្លាំង​នគរបាលជាតិ​នឹង​អាច​ទទួលបាន​រប​បស​ន្តិ​សុខ​សង្គម​ថែ​នានា​ពី​រដ្ឋាភិបាល​នៅពេល​កើត​ហា​នី​ភ័យ​បន្ទាប់ពី​ពួកគេ​ចូល​បំរើការ​រហូតដល់​ចូល​និវត្តន៍​។

តែ​យ៉ាងណាក៏ដោយ នៅក្នុង​ព្រះរាជក្រឹត្យ​នេះ មិនត្រូវ​បានចែង​អោយបាន​ច្បាស់លាស់​នៅឡើយ​ទេ ចំពោះ​មន្ត្រីរាជការ​ក្នុង​ការ​ទទួលបាន​អត្ថប្រយោជន៍ ដូច្នេះ អង្គប្រជុំ​បានសម្រេច​ប​ង្កើ​ត​គណៈកម្មការ​មួយទៀត​ដើម្បី​ពិភាក្សា​បន្ថែម​កុំអោយ​មានការ​បាត់បង់​អត្ថប្រយោជន៍​នានា​របស់​មន្ត្រីនគរបាល និង​មន្ត្រី​សា​ធារ​ណៈ ព្រោះ​កន្លងមក​មាន​មន្ត្រីរាជការ និង​កងកម្លាំង​នគរបាល​ទទួលបាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​មិន​បា​ចែង​នៅក្នុង​ព្រះរាជក្រឹត្យ​នេះ​។

ចំពោះ​បញ្ហា​នេះ សម្តេច​ក្រឡាហោម​ស ខេង បាន​ស្នើ​គណៈកម្មការ​ពិភាក្សា​អោយបាន​ស៊ីជម្រៅ និង​បន្ថែម​មាត្រា​ខ្លះ​យក​មក​ពិភាក្សា​ប​ន្ថែ​ម​នៅពេល​ក្រោយ​ដើម្បី​ផ្ញើ​ជូន​ដល់​រាជរដ្ឋាភិបាល​សម្រេច​។ ការធ្វើ​ដូច្នេះ គឺ​ដើម្បី​កុំអោយ​មានការ​បាត់បង់​ផលប្រយោជន៍​របស់​មន្ត្រី​រាជការ​ដែល​ធ្លាប់​ទទួលបាន​កន្លងមក​៕​