ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ៖ ការ​បង្កើត​ក្រុម​កីឡា​កងទ័ព ​គឺ​ដើម្បី​បញ្ជាក់​ពី​សាមគ្គីភាព​រវាង​កម្លាំង​ប្រដាប់​អាវុធ​ជាមួយ​ស៊ីវិល

129

ភ្នំពេញ៖ អគ្គ​មេបញ្ជាការ​រង​ នៃ​កងទ័ពជើងគោក និង​ជា​ប្រធាន​គណៈកម្មការ​កីឡា​កង​យោធពល​ខេមរភូមិន្ទ​​ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែ​ត​ បាន​លើក​ឡើងថា ការដែល​ក្រសួងការពារជាតិ​បង្កើត​ឲ្យ​មានការ​ប្រកួត​កីឡា ​របស់​កង​យោធពល​ខេមរភូមិន្ទ​នេះ​ឡើង គឺ​ដើម្បី​បញ្ជាក់​អំពី​សាមគ្គីភាព​រ​វាង​កម្លាំង​ប្រដាប់​អាវុធ​ជាមួយ​ស៊ីវិល ហើយ​ការ​ធ្វើ​នេះ ​ក៏​ដើម្បី​អបអរសាទរ​និង​រំលឹក​គុណ​ដល់​ថ្ងៃ​ជ័យជំនះ​៧​មករា ​ខួប​លើក​ទី​៣៩​ឆ្នាំ​ផង​ដែរ ពុំមែន​ធ្វើឡើង​ដើម្បី​គំរាមកំហែង​ដល់​បុគ្គល​ណា​ឬ​ប្រទេស​ណា​នោះ​ឡើយ​។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ល្ងាច​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្យ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែង​ថា ​កងទ័ព​កម្ពុ​ជា​មាន​ភារៈ​កិច្ចការពារ រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ​និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ព្រឹត្តិការណ៍​ដែល​កង យោធពលខេមរភូមិន្ទ​បង្កើត​ជា​កីឡា​ចំនួន​បី​ថ្ងៃនេះ គឺ​ដើម្បី​បង្កើន​ភាព​ជិតស្និទ្ធ ​រវាង​កម្លាំង​ប្រដាប់​អាវុធ​និង ស៊ីវិល​តែប៉ុណ្ណោះ​ពុំ​មាន​ជា​ការ​គំរាមកំហែង​ឬ​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​

​​ក្រសួងការពារជាតិ​ បាន​បង្កើត​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ជា​លើក​ទី​ពីរ ដើម្បី​លើកកម្ពស់​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជាមួយ​កម្លាំង​ស៊ីវិល​កម្ពុជា និង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣៩​ឆ្នាំ​នៃ​ទិវា​ជ័យជំនះ​ថ្ងៃ​៧​មករា​ផងដែរ ហើយ​ការ​ប្រកួត​នេះ​ មាន​កម្លាំង​ចម្រុះ​មកពី​ក្រសួងការពារជាតិ មកពី​ក្រសួងមហាផ្ទៃ​ និង​ស៊ីវិល​ប្រមាណ​មួយ​ពាន់​នាក់ ដោយមាន​កីឡា​ចំនួន​បី​ប្រភេទ​គឺ​ប្រភេទ​កីឡា​រត់​កំម៉ង់ដូ ប្រភេទ​កីឡា​លើក​ហ្វ្រ​ង​កា និង​កីឡា​ការពារ​ឧបសគ្គ​ជាដើម​។​

ក្រៅពី​ការប្រកួត​កីឡា​ព្រឹត្តិការណ៍​នេះ ​ក៏បាន​ធ្វើ​ការ​តាំង​ពិព័រណ៍​នូវ​សព្វាវុធ​ទំនើប​ៗ​មួយចំនួន​ផង​ដែរ​ហើយ​ជាង​នេះទៅទៀត ក៏បាន​ដាក់​លក់​និង​បង្ហាញ​នូវ​ផលិតផល​កងទ័ព​និង​ក្រុម​ហ៊ុន​សហគ្រាស​ជាង​៦០​ស្តង់​ដែរ​ដោយ​ថវិកា ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍​នេះ​នឹង​យក​ទៅ​ចែកជូន​ដល់​អតីត​យុទ្ធជន​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​នោះ​។​

ថ្លែងប្រាប់​ ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​ នៃ​ការ​តាំង​បង្ហាញ​នូវ​សម្ភារៈ មួយចំនួន​មកពី​កងទ័ពជើងទឹក ឧ​ត្ត​ម​សេនីយ៍​ឯក ទៀ សុខា ​មេបញ្ជាការ​រង​នៃ​សន្តិសុខ​លំហ​សមុទ្រ បាន​ថ្លែង​ថា ក្រុមការងារ​របស់​ឯក​ឧ​ត្ត​ម​ ក៏បាន​យក​សម្ភារៈ​ជួយសង្គ្រោះ​មួយ​ចំនួន​មក​តាំង បង្ហាញ​ដើម្បី​ចូលរួម​អបអរ​ក្នុង​កម្មវិធី​ការប្រកួត​កីឡា​កងទ័ព​នេះ​ដែរ ដោយ​ការ​តាំង​បង្ហាញ​នេះ គឺ​បញ្ជាក់​អំពី​ការ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ដ៏​ប្រវត្តិសាស្ត្រ​នេះ​។​

​​ជាមួយគ្នា​នោះដែរ វរសេនីយ៍ទោ​ យុង ខេមរា​ នាយរងសេនាធិការ និងជានាយការិយាល័យទី៥ នៃកងពលតូចលេខ៧០ បាន​ថ្លែង​ថា​ កងពលតូច​លេខ​៧០ បាន​ដាក់​តាំង បង្ហាញ​នូវ​សម្ភារៈ​សឹក និង​កសិផល​មួយ​ចំនួន​ដែល​កងពល​លេខ​៧០​ធ្វើ​បាន ហើយ​ការ​បង្ហាញ នេះ​គឺ​ចង់​បញ្ជាក់​នូវ​ទឹកចិត្ត​កងទ័ព​នៃ​កងពល​លេខ​៧០​ទាំងមូល​ថា​គាំទ្រ​ជានិច្ច​ចំពោះ​ក្រសួង ការពារជាតិ​ដែល​បង្កើត​ឲ្យ​មាន​កីឡា​កងទ័ព​នេះ​ឡើង ដើម្បី​បង្ហាញ​ភាព​ស្អិត​រមួត​រវាង​កម្លាំង ប្រដាប់អាវុធ​ជាមួយ​ស៊ីវិល​នោះ​។​

​​សូម​រំលឹក​ថា ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ នៃ​កង​យោធពល​ខេមរភូមិន្ទ​នេះ ក៏​ធ្វើ​ការ​តាំង​ពិព័រណ៍​សព្វាវុធ​មួយ​ចំនួន​សមិទ្ធផល​ខ្មែរ​និង​សម្ភារៈ​បរិភោគ​ឧបភោគ​ជាង​៦០​ស្តង់ផងដែរ ហើយ​ជាមួយគ្នា​នោះ​ក៏​មាន​ការ​ប្រគុំ​តន្ត្រី​ដោយមាន​តារា​រាប់​ល្បី​ៗ​រាប់សិប​នាក់​ចូលរួម​ដែរ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​អតីត​យុទ្ធជន​កម្ពុជា​នោះ​៕​​