នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ចង់​ឃើញ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ថែ​ម​ទៀត​

53

ភ្នំពេញ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ថង​លួ​ន​ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ ចង់​ឃើញ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​មានការ​កើន​ឡើង​ច្រើន​ថែមទៀត​។​

​​​ការពិភាក្សា​មតិយោបល់​គ្នា រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ដែល​ចង់ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​រីកចម្រើន ក៏ដូចជា​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​រួមទាំង​ការ​រឹតចំណង​មិត្តភាព រវាង​ប្រទេស​ទាំ​ប​ពីរ​ឱ្យ​កាន់តែ​រឹងមាំ នោះ ខណៈ​ឯកឧត្តម ថង​លួ​ន ស៊ូ​សូលី​ត បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​តេ​ជោ នៅ​វិមាន​សន្តិភាពទីស្ដីការ​នាយករដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​១១​មករា នេះ បន្ទាប់ពី​ឯកឧត្តម បានមក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ ឡាន​ឆាន​លើក​ទី​២​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១០​មករា ម្សិលមិញ​នេះ​។

​​​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា​៖ នៅក្នុង​ជំនួប​ពិភាក្សា​នេះ ឯកឧត្តម ថង លួ​ន​ស៊ី​សូលី​ត បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ថ្លែង​សរសើរ​ដល់​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​មេគង្គ ឡាន​ឆាន លើក​ទី​២ ដែល​សម្រេចបាន​ជោគជ័យ និង​មាន​ផ្លែផ្កា​ជាច្រើន​។

ឯកឧត្តម ក៏បាន​ស្នើ​សុំឱ្យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​គាំទ្រ​ប្រទេស​ឡាវ ខណៈ​ដែល​ប្រទេស​ឡាវ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ ឡាន​ឆាន​លើក​ទី​៣ នៅ​ឆ្នាំ​២០២០ ជា​សហប្រធាន​ជាមួយ​ប្រទេស​ចិន​។​ជាង​នេះដែរ ឯកឧត្តម ក៏បាន​ធ្វើការ​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ជាច្រើន ជុំវិញ​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង ទ្វេភាគី ព្រោះថា​ប្រទេស​ទាំងពីរ កម្ពុជា និង​ឡាវ ជា​ប្រទេស​ដែលមាន​ភូមិ​ផង​របង ជាមួយគ្នា​។

ក្នុង​កិច្ចពិភាក្សា​នេះ​គឺ​សំដៅ ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​កិច្ចសហការ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​មានការ​រឹតបន្តឹង​ថែមទៀត ហើយ ឆ្នាំ​២០១៧​កន្លងទៅនេះ ប្រទេស​ទាំងពីរ​ក៏បាន​ជួបគ្នា​ជាច្រើន​ផងដែរ ជាពិសេស ភាគី​ទាំងពីរ ចង់ឃើញ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ថែមទៀត ដែល​ក្នុងនោះ​កន្លងមក​ភាគី​ទាំងពីរ​បាន​បង្កើត​អគ្គ​កុង​សុល​នៅក្នុង​ខេត្ត​ចំប៉ា​សាក់ និង​ខេត្តស្ទឹងត្រែង និង​បើក​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ណង ណុ​ក​ខៀន ដើម្បី​ធ្វើយ៉ាងណា​អោយ​បរទេស​ទាំងពីរ​មានការ​រឹតបណ្តឹង​កិច្ចសហប្រតិបត្តិការ​នេះ​។

ជាពិសេស​កន្លងមក​ក៏មាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ និង​ប្រទេស​ទាំងពីរ​ក៏បាន​បង្កើន​ចំនួន​អាហារូបករណ៍ និង​បង្កើន​កញ្ចប់​ឧបត្ថម្ភ​សំរាប់​និស្សិត​ដែល​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ និង​និស្សិត​ឡាវ​មក​សិក្សា​នៅ​កម្ពុជា ដែល​នាយករដ្ឋមន្ត្រី​បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​តាម​យន្តការ​ដែលមាន​ស្រាប់​៕