ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ស្នើ​សិស្ស​ចៅក្រម​ជំនាន់​ក្រោយ​រួមគ្នា​លើ​កម្ពស់​វិបុលភាព​ប្រជាពលរដ្ឋ​

89

ភ្នំពេញ៖ ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ស្នើ​អោយ​សិស្ស​ចៅក្រម​និង​សិស្ស​សា​ការី​ដែល​កំពុង​សិក្សា​ទាំងអស់​សូម​រួមគ្នា​ចូលរួម​សហការ​លើកកម្ពស់​សុខុមាលភាព​វិបុលភាព​របស់​ប្រជាពលរដ្ឋ​បន្ថែម​លើ​ការអនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​​ក្នុង​ពី​ធី​បើក​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​សិស្ស​ភូមិន្ទ​ចៅក្រម​ជំនាន់​ទី​៨​និង​សិស្ស​សារការី​ជំនា​ន់ទី​២​នៅ​បណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ថ្ងៃ​ទី​១១ ​ខែមករា​នេះ ​ឯកឧត្តម​ ហ៊ុន ​ម៉ា​នី ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មានប្រសាសន៍​ថា ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍន៍​សង្គម​ក​ម្ពុ​ជា​ទៅ​ថ្ងៃ​អនាគត​ហើយ​បន្ថែម​លើ​នេះ​មន្ត្រី​ឬ​អ្នកពាក់ព័ន្ធ​ដែល​ភារកិច្ច​ធ្វើការ​ងារ​លើ​ផ្នែក​នេះ​ចូលរួម​សហការ​ធ្វើការ​លើក​កម្ពស់​វិបុលភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​អោយមាន​ភាពប្រសើរឡើង​ផងដែរ​។​

​​ឯកឧត្តម ​ហ៊ុន​ ម៉ា​នី​ បន្ត​ថា​ វគ្គ​វិក្រិត្យការ ​និង​សុ​ក្រិ​ត្យ​ការ​ដល់​សិស្ស​ចៅក្រម​ព្រះរាជអាជ្ញា​ក្រឡាបញ្ជី​អាជ្ញាសាលា​និង​សារ​ការ​នី​ជាដើម​គឺជា​វិជ្ជាជីវៈ ​ដែល​មិន​អាច​ខ្វះ​បាន​វិស័យ​យុត្តិធម៌​និង​តុលាការ​ជាពិសេស​នៅក្នុង​សង្គម​នីតិរដ្ឋ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​។​

​​​ឯកឧត្ដម ​អង្គ​ វង្ស​វឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មានប្រសាសន៍ថា ​ដើម្បី​ពង្រឹង​គោលការណ៍​នីតិរដ្ឋ​ការគោរព​ច្បាប់​ការគោរព​សិទ្ធមនុស្ស​និង​ការធានា​ផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​ និង​ភាព​យុត្តិធម៌​គឺ​ក្រសួងយុត្តិធម៌ ​ដែល​មាន​រាជបណ្ឌិត​សភាព​វិជ្ជាជីវៈ​តុលាការ​បាន​និងកំពុង​ពង្រឹង​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​មន្ត្រី​តុលាការ​អោយ​គោរព​ច្បាប់​និង​ក្រមសីលធម៌​ជាដើម​នៅ​គ្រប់​ជាន់ថ្នាក់​ជា​បន្តបន្ទាប់​។​

​​​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម ឈន ​ព្រលឹង​ ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុល​ការ​ថា ​នៅ​ចុងឆ្នាំ​២០១៧​មាន​បេក្ខជន​បេក្ខនារី​ប្រមាណ​ជាង​៩០០​នាក់​និង​មាន​បេក្ខជន​បេ​ក្ខ​នារី​ជាង​២០០​នាក់​បាន​ចូលរួម​ប្រលង​ចូល​បម្រើ​ការងារ​ចៅក្រម​និង​សារការី​មកដល់ពេលនេះ​លទ្ធផល​ក្រសួងយុត្តិធម៌​ជ្រើស​រើស​យក​សិស្ស​ចៅក្រម​ជំនាន់​៨​ចំនួន​៥០​រូប​និង​សិស្ស​សារការី​ជំនា​ន់​ទី​២​ចំនួន​២០​នាក់​ចូល​សិក្សា​ជំនាញ​រយៈពេល​ជាង​២​ឆ្នាំ​៕