Arsenal ត្រៀម​រួចហើយ​សំរាប់​ការ​ចាក​ចេញ​រប​ស់ Alexis Sanchez

25

បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal ត្រៀមខ្លួន​រួចរាល់​សំរាប់​ការ​ចាក​ចេញ​រប​ស់ Alexis Sanchez ក្នុង​ខែ​មករា​នេះ ប្រសិន​បើ​ចរចា​តំលៃ​ត្រូវ​គ្នា​ក្នុង​ការ​នាំ​យក​អ្នក​ជំនួស​បាន​។ ​​សារព័ត៌មាន​កីឡា​ជាច្រើន​បាន​ចុះផ្សាយ​ថា ​លោក Arsene Wenger ស្វែងរក​អ្នក​ជំនួស Sanchez បាន​ហើយ​គឺ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Malcom ដែល​ក្លឹប​កំពុង​ចរចា​យក​កីឡាករ​វ័យ 20ឆ្នាំ​រូប​នេះ​ពី​ក្លឹប​បារាំង Bordeaux​។

គោលដៅ​របស់ Alexis Sanchez ត្រូវ​បាន​គេ​ដឹង​ថា ​ជិត​ស្និត​បំផុត​ជាមួយ Manchester City ខណៈ​ដែល​គ្រូ​បង្វឹក Pep Guardiola ធ្លាប់​ចរចា​យក​កីឡាករ​ឈី​លី​រូប​នេះ​តាំងពី​ខែ​សីហា​ម្ល៉េះ​ តែ​មិន​ជោគជ័យ​ដោយ​នៅ​ពេលនោះ Manchester City ហ៊ាន​អោយ​ថ្លៃ 60លាន​ផោន​តំលៃ​ដែល Arsenal យល់ព្រម តែ​ចុងក្រោយ​ក៏​ប្រែប្រួល​វិញ​ក្រោយ Arsenal បរាជ័យ​ក្នុង​ការ​នាំ​យក Thomas Lemar ពី Monaco។ ​​Arsenal បាន​សុំ​ថ្លៃ 35លាន​ផោន​ពី Manchester City ក្នុង​ការ​ផ្ទេរ Sanchez ក្នុង​ខែ​មករា​នេះ តែ​ក្លឹប​ដែល​កំពុង​នាំមុខ​ដាច់​នៅ Premier League មួយ​នេះ​ហ៊ាន​អោយ​ក្នុង​រង្វង់ 20លាន​ផោន​ប៉ុណ្ណោះ​។

​​ជាមួយគ្នា​នោះ​ដែរ Manchester United ក៏​ជា​បេក្ខភាព​មួយទៀត​ដែល​ចូល​មក​ប្រជែង​ជាមួយ Manchester City ផង​ដែរ​ក្នុង​ការ​ចង់បាន Alexis Sanchez​។ ​Sanchez កិច្ចសន្យា​ជាមួយ Arsenal នឹង​អស់​សុពលភាព​នៅ​ពេល​ចប់​រដូវ​កាល​នេះ ដូច្នេះ​ចង់​មិន​ចង់ Arsenal ត្រូវ​តែ​​លក់ Sanchez ចេញ​ក្នុង​ខែ​មករា​នេះ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​មិន​ទទួល​បាន​សូម្បី​តែមួយ​សេន​នៅ​ពេល Sanchez ក្លាយ​ទៅជា​កីឡាករ Free Agent ក្រោយ​ចប់​រដូវ​កាល​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ