Messi រក​បាន​ពីរ​គ្រាប់​ឲ្យ​ Barcelona បំបាក់ Celta Vigo ឡើង​វគ្គ 8 ក្រុម​ចុងក្រោយ Copa del Rey

41

បាល់ទាត់៖ Lionel Messi រក​បាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​រយៈពេល 15នាទី​ដំបូង​នៃ​ការប្រកួត ខណៈ​ដែល Barcelona បំបាក់ Celta Vigo 5-0 ជើង​ទី​ពីរ និង​សរុប​ទាំងពីរ​ជើង 6-1 ឡើង​វគ្គ 8ក្រុម​ចុងក្រោយ​ពាន Copa del Rey​។

​​ជើង​ទី​មួយ​នៅ​ទឹកដី Celta Vigo សប្ដាហ៍​មុន​ស្មើគ្នា 1-1 ខណៈ​ជើង​ទី​ពីរ Barcelona ដាក់​កីឡាករ​សំខាន់ៗ​ចូល​។ ​គ្រាប់​ដំបូង​ក្នុង​ការ​ប្រកួត​កើតឡើង​នៅ​នាទី​ទី13 ដោយ Lionel Messi មុន​ពេល​ដែល​កីឡាករ​អា​ហ្ស​ង់​ទីន​ដដែលនេះ ​រក​បាន​គ្រាប់​ទី​ពីរ​នៅ​នាទី​ទី15​។ វគ្គ​ទី​មួយ​ដដែល Barcelona បង្កើន​ការ​នាំ​មុខ​ឡើង​ដល់​បួន​គ្រាប់​ដោយ Jordi Alba នាទី​ទី28 និង Luis Suarez នាទី​ទី31​។

ចូល​វគ្គ​ទី​ពីរក្រុម​ភ្ញៀវ Celta Vigo គ្មាន​អ្វី​តបត​ឡើយ​ មានតែ​ម្ចាស់ផ្ទះ​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ក្រូ​អាត Ivan Rakitic នាទី​ទី87​។ ​ចប់​ការប្រកួត Barcelona យកឈ្នះ 5-0 សរុប​ទាំងពីរ​ជើង 6-1 ឡើង​វគ្គ 8ក្រុម​ចុងក្រោយ​រួម​ជាមួយ Real Madrid, Atletico Madrid, Valencia, Leganes, Alaves, Espanyol និង Sevilla៕
​អត្ថបទ​៖​នាង សុភា​វុ​ធ