រដ្ឋសភា​ នឹង​បើក​កិច្ច​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​ ១៥ ខែ​កមរា​ខាងមុខ

34

ភ្នំពេញ ៖ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា ​នៅ​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨​ នេះ​បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភា​។ កិច្ចប្រជុំ​បានសម្រេច​កំណត់​យក​ថ្ងៃ ១៥ ខែមករា ឆ្នាំ ២០១៨​ខាងមុខ ដើម្បី​បើក​កិច្ចប្រជុំពេញអង្គ​។

ឯកឧត្តម​ ឈាង វុន ប្រធាន​គណៈកម្មការ ​កិច្ចការ​បរទេស ​សហប្រតិបត្តិការ​អន្តរជាតិ ​ឃោសនាការ និង​ព័ត៌មាន​រដ្ឋសភា​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា អង្គប្រជុំ​ បាន​អនុម័ត​កាល​បរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៩ ​នីតិកាល​ទី​៥ នៅ​ព្រឹក ថ្ងៃ​ចន្ទ ​ទី​១៥ ​ខែមករា​ ឆ្នាំ​២០១៨ ​ដោយមាន​របៀបវារៈ​តែ​មួយ គឺ​ការពិភាក្សា​ និង​អនុម័ត សេចក្តី​ព្រាង ​ច្បាប់​ស្តីពី ​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង ​សាធារណរដ្ឋ​ឥណ្ឌា​។

ឯកឧត្តម ​ថ្លែងបន្តថា ​កិច្ចព្រមព្រៀង​អន្តរជាតិ​ត្រូវ​អនុម័ត​ដោយ​រដ្ឋសភា​មុន​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​គ្រហស្ថ​លេខា ។ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ប្រទេស​ឥណ្ឌា​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ហើយ​តែ​នៅ​ពេលនេះ​តម្រូវ​អោយ​មាន​ច្បាប់​ថ្មី​មួយទៀត​គឺ​កិច្ច​សហប្រតិបត្តិការ​ អា​ស៊ាន​-​ឥណ្ឌា ដូច្នេះ ​រដ្ឋសភា​នឹង​ពិភាក្សា​បន្ថែម​ទៀត ​ដើម្បី​ផលប្រយោជន៍​ទាំង​ប្រទេស​កម្ពុជា ​និង​អាស៊ាន ព្រោះ​ប្រទេស​ឥណ្ឌា​មាន​ប្រជាពលរដ្ឋ​ច្រើន​ដែល​តម្រូវ​អោយ​ប្រទេស​កម្ពុជា​ត្រូវ​ចេះ​កែច្នៃ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ប្រទេស​ឥណ្ឌា។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​កាលពី​ថ្ងៃទី ​៣ ខែមករា ឆ្នាំ ២០១៨ នេះ ​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​និង ​សម្រេច​ប្រគល់​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ​រវាង​សមាគម​ប្រជាជាតិ​អាស៊ី ​អាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​នេះ​ម្តង​រួចហើយ​ដោយ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ​ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​នៃ​រដ្ឋសភា ពិនិត្យ​និង​សិក្សា ​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការ​បរទេស ​សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ ​និង​ព័ត៌មាន​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​៕