ការិយា​ល័យ​ច្រកចេញចូល​តែមួយ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ចាប់ផ្តើម​ដំណើរការ

28

ឧ​ត្ត​រ​មានជ័យ ៖ ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ គឺ​មាន​សារសំខាន់​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ​ការបើក​ឲ្យ​ដំណើរការ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ​គឺ​ដើម្បី​កាត់បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ​ក្នុង​ការ​ស្វែងរក​សេវា​ផ្សេងៗ​ពីរដ្ឋ។

ការិយាល័យ​ច្រក​ចេញចូល​តែ​១​បណ្តោះអាសន្ន ​ដែល​មាន​ទីតាំង​ថ្មី​នៅ​រដ្ឋ​បាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ផ្តល់​ឯកសារ​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ ​ដើម្បី​សម្រួល​ដល់​ការបម្រើ​សេវា​សាធារណៈ​ជូន​ដល់​ពលរដ្ឋ ​ដែល​រស់​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទាំងអស់​ ដែល​ពីមុនមក​ ធ្លាប់តែ​ធ្វើដំណើរ​ទៅ ​ធ្វើ​នៅ​ចក្រ​ទា្វរ​អន្តរជាតិ អូរ​ស្មាច់​។

មន្ត្រី​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​ កាលពីថ្ងៃទី​១១ ខែមករា ​ម្សិលមិញ​ថា ការិយាល័យ​ច្រកចេញ​ចូល​តែមួយ របស់​ខេត្ត​នេះ បានចាប់ផ្តើម​ដំណើរការ​កាលពី​ថ្ងៃទី​០៩ ខែមករា​ នេះ ដែល​រហូតមកដល់​ថ្ងៃនេះ គឺ​បាន​ បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​។

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ការផ្តល់សេវា​ធ្វើឯកសារ ពិសេស ប័ណ្ណឆ្លងព្រំដែន​ គឺ​សម្រាប់​តែ​អ្នក ដែល​មាន​ទីលំនៅ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តែប៉ុណ្ណោះ រីឯ​អ្នករស់នៅ​ខេត្ត​ផ្សេង​នោះ ​មិនអាច​ធ្វើបាន​នោះទេ​ ហើយ​តម្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​មួយ គឺ​ប្រមាណ​ពីរ​ម៉ឺន​រៀល​បាត​ សម្រាប់​បង់​ចូល​ថវិកា​រដ្ឋ​។ ហើយ​ប័ណ្ណ​ឆ្លង ​ព្រំដែន​ថ្មី​នេះ​ ដែល​មាន​ពណ៌​ខៀវ​ គឺអាច​ធ្វើដំណើរ​ឆ្លងកាត់​បាន​ចំនួន​៣​ខេត្ត ក្នុង​ប្រទេស​ថៃ ជាប់​ជាយ​ ដែន​ខ្មែរ ​គឺ​ខេត្ត​ស៊ីសាកេត បុរី​រាម និង​ខេត្ត​សូ​រិ​ន​៕