ការ​ចិញ្ចឹម​ត្រី​តាម​ធម្មជាតិ​ មាន​តម្រូវការ​ខ្លាំង​នៅ​លើ​ទីផ្សារ​ ព្រោះ​ពលរដ្ឋ​ចាប់​ផ្តើម​យល់​ពី​បញ្ហា​សុខភាព

40

ក្រចេះ ៖ ​ ប្រទេស​កម្ពុជា មានឈ្មោះ​ជា​ប្រទេស​កសិកម្ម​ធំ​មួយ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ តែ​ប្រទេស​នេះ នៅឡើយ មិនទាន់​អាច​ផលិត ផលិតផល​កសិកម្ម​បាន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​នោះទេ ​ដែល​ទាមទារ​តម្រូវការ​នៃ​ការនាំ ​ចូល ​តែ​ការ​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេសជិតខាង​។

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ បាន​ងាក​មក​គិតគូរ​ពី​សុខុមាលភាព​ផ្ទាល់ខ្លួន ​សុខភាព​ក្រុម​គ្រួសារ​ជា​ចម្បង ដោយ​ពួកគាត់​បាន​ជ្រើសរើស​នូ​វ​ម្ហូបចំណី បន្លែបង្ការ ត្រី​សាច់ ដែល​មិន​មាន​ផ្ទុក​សារធាតុ​គីមី​ ពោលគឺ​បន្លែ​ត្រី​សាច់ រួមទាំង ​អង្ករ​ផង ដែល​កសិករ​ប្រើ​ចំណី និង​ជីធម្មជាតិ​ពិតៗ​។

គ្រួសារ​កសិករ​ម្នាក់​ឈ្មោះ ប្រាក់ សៀម រស់នៅ​ក្នុងភូមិ​សំរិទ្ធ​ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី​ បាន​ក្លាយ​ជា​កសិករ​គំរូ​ម្នាក់ នៅក្នុង​សហគមន៍​លើក​កម្ពស់​សន្តិសុខ​ស្បៀង​តាម​ជនបទ ចំនួន​៣​ ក្នុង​ខេត្តក្រចេះ ដែល​បាន​ដាំ​បន្លែ ​ចិញ្ចឹមសត្វ ​និង​ធ្វើស្រែ ដោយ​ប្រើប្រាស់​ចំណី និង​ជីសរីរាង្គ ឬ​ ហៅថា​ចំណី​ និង​ជីធម្មជាតិ​សុទ្ធ ហើយ​ផលិតផល​របស់​គ្រួសារ​គាត់ ត្រូវ​បាន​លក់ដាច់​ នៅ​ទីផ្សារ ​នៅពេល​ប្រមូល​ផល​ម្តងៗ​។

កសិករ ប្រាក់ សៀម បច្ចុប្បន្ន ប្រកប​របរ​ចិញ្ចឹម​ត្រី​។ កាលពី​អំឡុង​ឆ្នាំ​២០១៥ គាត់​ត្រូវ​បាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ខេត្តក្រចេះ​ សហការ​ជាមួយ​អង្គការ ESC Borda ​របស់​ប្រទេស​អាល្លឺម៉ង់ បង្ហាត់បង្រៀន​ពី​វិធីសាស្ត្រ​ចិញ្ចឹម​សត្វ មាន់ ទា ជ្រូក គោ និង​ត្រី និង​ការ​ធ្វើស្រែ​ ដាំ​បន្លែ​បង្ការ ដោយ​ប្រើប្រាស់​ចំណី និង​ជីសរីរាង្គ ដែល​ផលិត​ដោយ​ខ្លួនឯង​ សម្រាប់ ​ស្រោចស្រព​ដំណាំ និង​លាយ​ចំណី​អោយ​សត្វ​ចិញ្ចឹម​។ ​ក្រោយពី​ការ​ខិតខំ​របស់​គាត់​តាម​បច្ចេកទេស​អ្នក​ជំនាញ​កសិកម្ម​រួច មក ឃើញថា ​ផលដំណាំ បន្លែ ត្រី សាច់ ដែល​បាន​មក​ គឺ​លក់ដាច់​ជាងគេ​នៅ​ក្នុង​ទីផ្សារ ជា​ពិសេស​ គឺ​ត្រី​ពោរ ដែល​គាត់​បាន ចិញ្ចឹម គឺ​មាន​ការ​ពេញនិយម​ពី​អ្នក​បរិភោគ ព្រោះ​មិន​មាន​ផ្ទុក​សារធាតុ​គីមី​។

កសិករ រូបនេះ បាន​បន្តថា ត្រី​ពោរ ដែល​គាត់​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​ពី​ទីផ្សារ និង​ចំណី​ដែល​ផលិត​ដោយ​ខ្លួនឯង ​គឺ សាច់​ត្រី​មាន​រសជាតិ​ខុសគ្នា ​ហើយ​ការលូតលាស់​ ក៏​មិន​ឈ្នះ​ការ​ចិញ្ចឹម​ដោយ​ផ្តល់​ចំណី​ធម្មជាតិ​ដែរ​។

អ្នកនាង គុណ ច័ន្ទ​បូ​ណ៌​សោ​ភ័​គ្រ​ អ្នកសម្របសម្រួល​សហគម​ន៍ នៃ​អង្គការ ESC Borda បាន​ឲ្យ​ដឹងថា ​គ្រួសារ កសិករ ប្រាក់ សៀម គឺជា​គ្រួសារ​កសិករ​គំរូ​ម្នាក់ ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ចិញ្ចឹម​សត្វ ដាំ​បន្លែ ធ្វើស្រែ​ដោយ​ប្រើ​ជី និង​ចំណី​សរីរាង្គ ​ជាពិសេស​ គឺ​បាន​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​ត្រី​ពោរ ​ដែល​ក្នុង​រយៈពេល​១​ឆ្នាំ ត្រី​អាច​មាន​ទម្ងន់​រហូតដល់​៣,៥ គីឡូក្រាម ក្នុង​មួយ​ក្បាល​។

លោក គុយ ហួត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តក្រចេះ​ បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់ ងាក​មក​ចាប់​យក​ការដាំ​បន្លែ ដំណាំ​ហូប​ផ្លែ ការធ្វើ​ស្រែ​ និង​ការ​ចិញ្ចឹម​សត្វ តាម​បែប​ធម្មជាតិ​វិញ ​ព្រោះ​មន្ទីរ​មាន​ក្រុមការងារ និង​អង្គការ​ជា​ដៃគូ​ចុះជួយ​បង្ហាត់បង្រៀន​ដល់ផ្ទះ ហើយ​ផលិតផល ដែល​ទទួល​បាន គឺ​ងាយស្រួល​រក​ទីផ្សារ ដោយសារតែ ប្រជាពលរដ្ឋ​ខ្មែរ ​បច្ចុប្បន្ន បាន​ងាក​មក​គិតគូរ​ពី​សុខុមាលភាព​ជាធំ​៕