រមណីយដ្ឋាន​ដូង​ទេរ កំពុង​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ​ថ្មី​មួយ​របស់​ខេត្តកំពត​

52

កំពត ៖ ​ខេត្តកំពត គឺជា​ខេត្ត​ទេសចរ ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​។ ​ខេត្តកំពត​ មាន​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ជាច្រើន​កន្លែង​ក្រៅពី​ទឹកសមុទ្រ ​ដែល​កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​។

ដោយសារតែ​ស្រុកទេស​មាន​សន្តិភាព មានការ​អភិវឌ្ឍន៍ ជីវភាព​ប្រជាជន​ប្រសើរ​ជាង​មុន ប្រាក់​ចំណូល​បាន​កើន ​ឡើងជា​លំដាប់​នោះ ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ក្នុង ​និង​ក្រៅ​ស្រុក​ ងាក​មក​ចាប់​អារម្មណ៍​បង្កើត​អាជីវកម្ម​លើ​វិស័យ​ទេសចរ ​ ជាពិសេស ការ​បង្កើត​ជា​រមណីយដ្ឋាន​កែច្នៃ​ថ្មីៗ​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​នៅ​ក្នុង​ខេត្តកំពត​។ ក្នុងនោះ​រមណីយដ្ឋាន ដូង​ទេរ ទទួល​បាន​ទទួលភ្ញៀវ​ទេសចរ​រាប់រយ​នាក់ ​ទៅ​ទស្សនា​ជា​រៀងរាល់ថ្ងៃ ​ដោយសារ​ទីនោះ ​មាន​ទេស​ភាព​ល្អ​ប្រណីត​ ខ្យល់​អា កាស​បរិសុទ្ធ បរិស្ថាន​ស្អាត​ អម​ដោយ​ខ្យល់​ត្រជាក់​បក​ពី​កំពូលភ្នំ​កំចាយ​ ឆ្នេរ​ខ្សាច់ ​និង​ទឹក​ព្រែក​ត្រជាក់​ខៀវស្រងាត់​អាច​ងូត លេង​បាន​។

រមណីយដ្ឋាន​ដូង​ទេរ មាន​ទីតាំង​ក្នុង​ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ​។ ទេសចរ​ទាំងឡាយ ​ត្រូវ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ឆ្ពោះ​ ទៅកាន់​រមណីយដ្ឋាន​ទឹកឈូ ក្នុង​ចម្ងាយ​ប្រហែល​ប្រាំមួយ​គីឡូម៉ែត្រ​ ពី​ចំណុច​រង្វង់​មូល​រូបសំណាក​ទឹករលក​ ក្បែរ​ស្ពាន ​មិត្តភាព​កម្ពុជា​-​កូរ៉េ កំពង់បាយ ​ទី​រួម​ខេត្តកំពត​ រួច​បត់​ចុះទៅ​ផ្នែក​ខាង​ស្តាំ​ដៃ​ប្រមាណ​ប្រហែល​បួន​រយ​ម៉ែត្រ​បន្ថែមទៀត​។

លោក ខែម សុវណ្ណ អ្នកចាត់ការ​ទូទៅ​នៃ​រមណីយដ្ឋាន​ដូង​ទេរ បាន​ប្រាប់​​ថា រមណីយដ្ឋាន ដូង​ទេរ ទើបតែ​បាន​បើក​សាកល្បង​ប្រហែល​ពីរ​ខែ​ប៉ុណ្ណោះ ​ពោល​គឺ​មិនទាន់​ដំណើរការ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ការបើក ​ទីតាំង​កម្សាន្ត​នៅទីនេះ ក្នុង​បំណង​បង្កើន​តំបន់​រមណីយដ្ឋាន​សម្រាប់​ខេត្តកំពត​ ដែល​មាន​ភាព​ទាក់ទាញ ខ្លាំង​លើ​វិស័យ ​ទេសចរ​។

អ្នកចាត់ការ​រូបនេះ បាន​បន្តទៀតថា ​ការបង្កើត​មណ្ឌល​កម្សាន្ត​នៅទីនេះ ​មានបំណង​ បង្កើត​ទីផ្សារ​សម្រាប់​ផលិត ផល​ក្នុងស្រុក​ផងដែរ ដូចជា​ សម្ភារ​តុបតែង​លម្អ​នានា​ គឺ​ប្រមូល​យក​ពីអ្វី ដែលជា​ស្នាដៃ​របស់​អ្នកស្រុក ​។ ចំណែក​បន្លែ​ផ្លែឈើ​ ក៏​ដូចគ្នា​ដែរ ​ការធ្វើ​បែបនេះ​ ដើម្បី​ចូលរួម​លើកស្ទួយ​ជីវភាព​ពួកគេ​មួយផ្នែក​។​

លោក ​បាន​បន្ថែមទៀតថា ស​ព្វថ្ងៃ តាមរយៈ​ការបើក​សាកល្បង​នេះ​ រមណីយដ្ឋាន​បាន​ផ្តល់​ការងារ​ដល់​អ្នកស្រុក ពី​២០​ទៅ​៣០​នាក់​។ ​ទៅ​ថ្ងៃមុខ សង្ឃឹមថា ​អ្នកស្រុក​អាច​ទទួល​បាន​ការងារ​ធ្វើ​យ៉ាង​ហោចណាស់​ក៏​៥០​នាក់​ដែរ ព្រោះ​នៅ ទីនេះ មាន​គម្រោង​បង្កើតជា​បារ អាហា​រដ្ឋា​ន កន្លែង​ស្នាក់នៅ និង​មាន​ឆ្នេរ​ខ្សាច់​ទឹកសាប​ល្អ​ស្អាត ដែល​ក្នុង​ខេត្តកំពត ​ទើប តែ​មាននៅ​រមណីយដ្ឋាន​ដូង​ទេរ​នេះ​។ ក្នុង​ថ្ងៃ​ធម្មតា ​ដូង​ទេរ​ទទួល​ភ្ញៀវ​ពី​៣០០​នាក់​ទៅ​៥០០​នាក់​។​ ចំណែក​ឯ​ថ្ងៃ​សៅរ៍​ អាទិត្យ​ ឬ​ ថ្ងៃ​បុណ្យទាន ​មាន​ពី​៧០០​នាក់​ទៅ​១​ពាន់​នាក់​។

កញ្ញា ហ្សា​ណា ទេសចរ​ទៅ​ពី​ក្រុងភ្នំពេញ ​បាន​ប្រាប់ ថា ​កញ្ញា​បាន​ទៅជា​លើក​ទី​ពីរ ​ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​កញ្ញា ​ជាប់ចិត្ត​នោះ គឺ​ខ្យល់អាកាស និង​ទេសភាព​ស្អាត មានទឹក​ត្រជាក់ ​មាន​ភ្នំ ​មាន​កន្លែង​ក្មេង​លេង​កម្សាន្ត​ និង​មនុស្ស​ធំ​អាច​ជិះ ​ទូក​លេង​គយគន់​ដង​ព្រែក​ផង​ដែរ​។

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពត ​បាន​ថ្លែងថា ​ការ​បង្កើត​រមណីយដ្ឋាន​កែច្នៃ​នេះ ជាការ ​បង្កើន​បណ្តុំ​សកម្មភាព​ទេសចរណ៍​ទៅលើ​សក្តានុពល​កំពុង​មាន​ស្រាប់​ គឺ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ​។ ថ្មីៗ​នេះ នៅ​តំបន់ ជុំវិញ​រមណីយដ្ឋាន​ទឹកឈូ មានការ​បង្កើត​កន្លែង​កម្សាន្ត​ខ្នាត​តូចៗ​បន្ថែម ដូចជា ​កន្លែង​ជិះ​ខ្សែ​រ៉ក កន្លែង​ជិះទូក​កៃ​យ៉ាក់​ កន្លែង​ដូង​ទេរ ជាដើម​។​

លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ថា ​នេះ​គឺជា​ការចូលរួមចំណែក​ដ៏​សំខាន់​សម្រាប់​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង ក្នុង ខេត្តកំពត​៕