លំនៅឋាន​រាប់​រយ​ខ្នង​រង​ការ​ខូច​ខាត ខណៈ​ប្រតិបត្តិ​ការ​ស្វែងរក​ និង​សង្គ្រោះ​អ្នក​បាត់​ខ្លួន​ក្នុង​បំណាក់​ដី​នៅ​រដ្ឋ​ California នៅ​តែ​បន្ត

57

​អាមេរិក៖ ​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ បំណាក់​ដី​ដែល​បាន​គ្របដណ្ដប់​ពាសពេញ​តំបន់​ឆ្នេរ​រដ្ឋ California​ ភាគ​ខាង​ត្បូង​នៅ​សប្ដាហ៍​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា​មាន​កុមារ​អាយុ​ចាប់ពី ​៣​ឆ្នាំ​ឡើង​ទៅ​ និង​មនុស្ស​ចាស់​វ័យ​ចាប់ពី ៨៩​ឆ្នាំ​ឡើង​ទៅបាន​បាត់បង់ជីវិត ខណៈ​ក្រុម​សង្គ្រោះនៅតែ​បន្ត​ស្វែងរក​មនុស្ស​ ១៧​នាក់​ផ្សេងទៀតដែល​គេ​ជឿ​ថា​កំពុងបាត់​ខ្លួន​។​

​ការិយាល័យ​អធិការ​ស្រុក​ Santa Barbara បាន​បញ្ចេញ​ឈ្មោះ​មនុស្ស​សរុប​ ១៧​នាក់ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បំណាក់​ដី រួម​ទាំង​កុមារអាយុ ៣ម្នាក់, ​៦​ឆ្នាំ​ម្នាក់​ និង​ ១០​ឆ្នាំ​ម្នាក់ ​និង​យ៉ាងហោចណាស់​ប្ដី​ប្រពន្ធ​ ២​នាក់​ និង​មនុស្ស​វ័យ​ខ្ទង់ ​៨០​ឆ្នាំ​ ២​នាក់​។​ ​ក្រុម​បុគ្គលិក​សង្គ្រោះ​ចំនួន ​៧០០​នាក់​ក្នុង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ និង​រថយន្ត​យោធា​កង់​ខ្ពស់​ជាច្រើន​គ្រឿង​បាន បើក​កាត់​បំណាក់​ល្បាប់​ជម្រៅ​ត្រឹម​ចង្កេះ ដើម្បី​ស្វែងរក​អ្នក​បាត់ខ្លួន​ក្នុង​តំបន់រងគ្រោះ​មហន្តរាយ​ ដែល​មានលំនៅឋាន​រាប់​រយ​ខ្នង​ត្រូវ​បាន​បំផ្លិចបំផ្លាញ ឬរង​ការខូចខាត​៕
​អត្ថបទ៖ សុខ​មាន