ក្រុម​អ្នក​តវ៉ា​​​អន្តោប្រវេសន៍​​បាន​ប៉ះ​ទង្គិច​​​គ្នា​ជាមួយ​កង​កម្លាំង​នគរបាល​អាមេរិក​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​​​

47

អាមេរិក៖ ក្រុម​​អ្នក​តវ៉ា​បាន​ប៉ះ​ទង្គិច​​ជាមួយ​នគរបាល​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ខណៈ​ដែល​​ពួក​គេ​​ប៉ុនប៉ង​​រារាំង​រថយន្ត​​សង្គ្រោះ​បន្ទាន់​មួយ​​គ្រឿង​ដែល​គេ​ជឿ​ថា កំពុង​​ដឹក​សកម្ម​ជន​​ទាមទារ​សិទ្ធិ​ជន​​អន្តោប្រវេសន៍​​ឈ្មោះ Ravi Ragbir។

​Ravi Ragbir ជា​​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ជម្រក​​ថ្មី​នៃ​​ទីក្រុង​ញូវយ៉ក​​ ហើយ​​រូប​លោក​ផ្ទាល់​​ជា​ជន​អន្តោប្រវេសន៍​​មក​ពី​ប្រទេស​ទ្រីនីដាត​ ហើយ​ដែល​ជា​ទៀង​ទាត់​​រូប​គេ​​​ត្រូវ​ក្រុម​មន្ត្រី​​អន្តោប្រវេសន៍​​សហរដ្ឋ​​អាមេរិក​​ត្រួត​ពិនិត្យ​​នៅ​តំបន់​​ Manhattan។ ​ក្នុង​ការ​ពិនិត្យ​​ពេល​ព្រឹក​នោះ ​ក្រុម​សមាជិក​សម្ព័ន្ធ​ភាព​បាន​និយាយ​ថា ​រូប​លោក​ រ៉ាក់ប៊ី ត្រូវ​បាន​គេ​ឃុំ​ខ្លួន​។ ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​​ក្នុង​ស្រុក​បាន​រាយការណ៍​ថា មនុស្ស ១៨​នាក់​ក្នុង​នោះ​មាន​រួម​ទាំង​ក្រុម​ប្រឹក្សា​​ក្រុង​ ២​នាក់​ផង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ជិត​អគារ​សហព័ន្ធ៕

អត្ថបទ៖ រិទ្ធី