សម្តេចតេជោ​ អនុញ្ញាតឲ្យ លោក លាវ លៀនកឺ (Liu Liange) និងលោក លាវ ឈីថាវ(Liu Qi Tao)  ចូលជួបសំដែងការគួរសម

63

ភ្នំពេញ ៖ ​​ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងនៅភូមិគ្រឹះ រសៀលថ្ងៃទី១២មករា លោក លាវ លៀនកឺ (Liu Liange) អគ្គនាយក ធនាគារនីហរ័ណ អាហរ័ណចិន (Exim Bank of China) មានប្រសាសន៍ជំរាបជូន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពីការកោតសរសើរចំពោះកំណើន សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ។

ដែលកំពុងតែមានការរីកចម្រើន ពី មួយថ្ងៃទៅមួយថ្ងៃ ក្នុងន័យនេះគឺជាកត្តាជំរុញលើកទឹកចិត្តដល់ ធនាគារនីហរ័ណអាហរ័ណចិន មានចំណាប់​អារម្មណ៍​យ៉ាងខ្លាំង ក្នុងការចូលរួមបណ្តាក់វិនិយោគ ក្នុងប្រទេសកម្ពុជា។ លោក លាវ លៀនកឺ មានប្រសាសន៍បន្តថា កន្លងមកធនាគារនីហរ័ណអាហរ័ណចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើវិស័យហេដ្ឋារចនា​សម្ព័ន្ធ អគ្គិសនី ប្រព័ន្ធធារាស្រ្តជាដើម ដោយឡែកនៅពេលនេះ វត្តមានធនាគារលោក ក្នុងប្រទេសកម្ពុជា គឺដើម្បីសុំ​អនុ​សាសន៍ពីសម្តេចតេជោ នៅអ្វីដែលធនាគាររបស់លោក អាចចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា បន្ថែម​ទៀត។

​​សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានភាពល្អបំផុត​នៅពេល​នេះ ហើយកម្ពុជាមានទស្សនះវិស័យពិតប្រាកដក្នុងការអភិវឌ្ឍ អ្វីដែលធនាគារនីហរ័ណអាហរ័ណចិន បានជួយ​នា​ពេលកន្លងមក គឺសុទ្ធសឹងតែជាគម្រោងអាទិភាពទាំងអស់របស់កម្ពុជា ក្នុងន័យនេះសម្តេច បានគូសបញ្ជាក់ដែរថា កម្ពុជាបានដាក់គម្រោងទៅកាន់ភាគីចិន សម្រាប់ឆ្នាំ២០១៨រួចហើយ ក្នុងនោះគម្រោងអាទិភាពមួយទៀត គឺ​គម្រោង​ខ្សែក្រវ៉ាត់ទី២ របស់រាជធានីភ្នំពេញ។ តាមរយះគម្រោងអាទិភាពនេះ សម្តេចបានស្នើសុំឲ្យធនាគារនីហរ័ណ អា​ហរ័ណ​ចិន ពិនិត្យក្នុងជំរុញគម្រោងជាអាទិភាពនេះឲ្យបានចេញជារូបរាងពិតប្រាកដ។

​​នៅរសៀលថ្ងៃដដែល ក្នុងជំនួបដាច់ដោយឡែក លោក លាវ ឈីថាវ (Liu Qi Tao) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Com​mu​ni​cation Contruction មានប្រសាសន៍ក្នុងជំនួបដាច់ដោយឡែក លោកបានមានប្រសាសន៍ថា រូបលោកធ្លាប់បានមក​កាន់ប្រទេស​កម្ពុជាកាលពី១០ឆ្នាំមុន ហើយនៅពេលនេះរូបលោកបានទៅដំណើរទៅកាន់តំបន់ជាច្រើន ក្នុងប្រទេសកម្ពុជារួមទាំង​ខេត្តព្រះសីហនុផងដែរ។ លោកប្រធានមានប្រសាសន៍ជំរាបជូនសម្តេចតេជោដែរថា រូបលោកបានពិនិត្យឃើញ​ពីការ​រីកចម្រើនដែលមិននឹកស្មានបាន ហើយនៅពលេនេះទៀតសោត កិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្ត​ព្រះសីហនុ ក៏បានចុះហត្ថលេខាហើយរួចដែរ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម លី ខឺឈាង មកកាន់ប្រទេស​កម្ពុជាកាលពីម្សិលមិញ។ នៅចំពោះមុខសម្តេចតេជោ លោក លាវ ឈីថាវ មានប្រសាសន៍ថា ក្នុងនាមជា​ភាគី​ប្រតិ​បត្តិ​ ក្រុមហ៊ុនលោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ឲ្យបានល្អនិង​ឲ្យ​ក្លាយជាផ្លូវគំរូសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រទេស និងប្រជាជនកម្ពុជា។

​​ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះជាផ្លូវមួយដែលមានសារះសំខាន់ខ្លាំងណាស់សម្រាប់ កម្ពុជា ក្នុងជំរុញកំណើនសេដ្ឋកិច្ច ពិសេសរវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ ព្រះសីហនុ ក្នុងន័យនេះសម្តេចបានស្នើឲ្យ ក្រុម​ហ៊ុនជំរុញធ្វើយ៉ាងណាស្ថាបនាឲ្យបានចេញជារូបរាងពិតប្រាកដ៕