នាយករដ្ឋមន្ត្រី​​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ ​៦​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប

39

ជប៉ុន៖ ​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អេ​ស្តូ​នីហើយ​កាលពី​ថ្ងៃ​សុក្រ​ទី​១២ ​ខែ​មករា​ឆ្នាំ​២០១៨​ នេះ​ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​ ៦​ប្រទេស​នៅ​តំបន់​អឺរ៉ុប។​​តាម​គម្រោង​លោក អា​បេ​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់ ​៦​ប្រទេស​នៅ​តំបន់​អឺរ៉ុបមាន​ប្រទេស​អេ​ស្តូ​នី, ឡា​តវៀ, លី​ទុយ​អា​នី, ប៊ុល​ហ្ការី, រ៉ូ​ម៉ា​នី និង​ប្រទេស​ស៊ែប។​ ​នៅ​អេ​ស្តូ​នីលោក អា​បេ បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​របស់ប្រទេស​នេះគឺ​លោក Juri Ratas និង​បាន​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​ផង​ដែរ ដោយ​លើក​ឡើង​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។​ ​ទោះបីជា​ទៅដល់​ណា​ក៏​ដោយលោក ស៊ីន​ហ្សូ អា​បេ ក៏​មិនបាន​ភ្លេច​ដែរ​នូវ​ការ​គំរាម​កំហែង​ពី​កូរ៉េខាងជើង ដោយ​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា​មី​ស៊ី​ល​របស់​កូរ៉េខាងជើងដែល​កំពុង​គំរាម​កំហែង​ជប៉ុន។ ​​សូម​រំលឹក​ជូន​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៧​ កន្លងទៅ កូរ៉េខាងជើង​បានបាញ់​គ្រាប់​មី​ស៊ី​ល​ហោះ​រំលង​ប្រទេស​ជប៉ុន​ដល់​ទៅ​ពីរ​លើក ដែល​នេះ​គឺជាបញ្ហា​មួយ​ដែល​ជប៉ុន​មិន​អាច​មើល​រំលង​បាន៕
អត្ថបទ៖ សារីម