សម្តេច​តេជោ​ ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះ​សំណាល ​និង​ទទួល​ទាន​បាយ​ជា​មួយ​កម្មករ​ធាក់​ស៊ីក្លូ ​

46

ភ្នំពេញ៖ កម្មករ​ធាក់​ស៊ីក្លូ​ចំនួន​៣០៨​នាក់​ ត្រូវ​បាន​សម្តេច​តេជោ ​អនុញ្ញាត​អោយ​ជួប​សំណេះ​សំណាល ​និង​ទទួល​ទាន​បាយ​សាមគ្គី​ក្នុង​បរិយាកាស​រីករាយ​ និងស្និទ្ធ​ស្នាល​។

ក្នុង​ពិធី​ដ៏​មាន​តម្លៃ​នេះ ​សម្តេច​តេជោ ​បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃ​នេះ ​ជា​ថ្ងៃ​ចាប់​ផ្តើម​ដែល​មិនមែន​គ្រាន់តែ​ជាការ​ប្រកាស​មូល​និធិ​ស៊ីក្លូ​នោះ​ទេ ​ក៏​ប៉ុន្តែជា​ថ្ងៃ​នៃ​ការ​ចាប់​ផ្តើម​សកម្មភាព​តែ​ម្តង​។

សម្តេច​បាន​បន្ត​ជំរាប​ជូន​អំពី​មូល​ហេតុ​ដែល​ត្រូវ​ជ្រើស​រើស​យក​ខែ​មករា​ និង​យក​ថ្ងៃ​នេះជា​ថ្ងៃ​ចាប់​ផ្តើម​នៃ​សកម្មភាព​មូល​និធិ​ស៊ីក្លូ ​ដោយ​សម្តេច​ថា ​ហេតុ​ផល​គឺ​មាន​ច្រើនណា​ស់ ​ដែល​ដំបូង​ត្រូវ​និយាយ​ពី​ខួប​លើក​ទី​៣៩​ថ្ងៃ​៧​មករា​ ដែល​ជា​ថ្ងៃ​បាន​រំដោះ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត ​និង​ទី​២​ ថ្ងៃ​៥​មករា​ ក៏​ជា​ខួប​លើក​ទី​៤២​ឆ្នាំ​ នៃ​អាពាហ៍ពិពាហ៍​ដ៏​ជូចត់​របស់​សម្តេច​នៅ​ក្នុង​រប​បប្រល័យ​ពូជសាសន៍​ផង​ដែរ​។

នៅ​ក្នុង​ពិធី​ដ៏​ថ្លៃ​ថ្លា​នេះ​ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូ​ដល់​បង​ប្អូន​កម្មករ​ស៊ីក្លូ ​ដែល​មាន​បង្កើត​ឡើង​នូវ​មូល​និធិ​សម្រាប់​ទ្រទ្រង់​សកម្មភាព ​និង​ជួយ​ដល់​កម្មករ​ធាក់​ស៊ីក្លូ ​ដែល​សម្តេច​និង​បណ្តា​សប្បុរស​ជន ​នានា​ បាន​ចូលរួម​ផ្តល់​ថវិកា​ទ្រទ្រង់​ជាច្រើន ​ទាំង​ពេល​បច្ចុប្បន្ន ​និង​ការ​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​ សម្តេច​ក៏​បាន​មាន​ប្រសាសន៍​បង្ការ​ទុក​ជា​មុន​ទៅ​កាន់​អ្នក​ដែល​តែង​តែ​មាន​ចរិត​ប្រឆាំង ​និង​រិះគន់​មក​លើ​សម្តេច​អំពី​ការ​បង្កើត​នូវ​មូល​និធិ​ស៊ីក្លូ​នេះ ​ដោយ​សម្តេច​លើក​ឡើង​ថា ​បើសិន​ជា​អ្នក​ប្រឆាំង​ទៅ​នឹង​ការ​ជួយ​ដល់​អ្នក​ក្រីក្រ ​ធាក់​ស៊ីក្លូនេះ​ ហើយ​ផ្ទុយ​ទៅ​វិញ​បើសិន​ជា​អ្នក​មាន​សមត្ថភាព​អាច​ជួយ​ឧបត្ថម្ភ​ដល់​ពួក​គាត់​លើស​ពី​ការ​ជួយ​របស់​សម្តេច​នោះ​សម្តេច​នឹង​សរសើរ ​លើក​តម្កើង​ ឬបាន​ជួយ​ដល់​អ្នក​ធាក់​ស៊ីក្លូ ​ម្នាក់​ទទួល​បាន​ប្រាក់​១​ម៉ឺន​ ឬ​ពីរ​ម៉ឺន​រៀល ​ក្នុង​មួយ​ថ្ងៃ ​សម្តេច​នឹង​អរគុណ​។

នៅ​ក្នុង​ឱកាស​នេះ​សម្តេច​តេជោ ​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​នាំយក​អំណោយ​ជា​សំភារៈ​ និង​ថវិកា​ ចែក​ជូន​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​មុង​ ភួយ​ កន្សែង ​ក្រមា ​អាវភ្លៀង​ អាវរងារ ​និង​ថវិកា​៥៧​ម៉ឺនរៀល ​ក្នុង​នោះ​ថវិកា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​៥០​ម៉ឺន​ និង​ថវិកា​របស់​សមាគម​ស៊ីក្លូ​ម្នាក់​ៗ​ចំនួន​៧​ម៉ឺន​រៀល​បន្ថែម​ទៀត​៕​