ឯកឧត្តម​ សុខ ឥសាន ៖ ​គ្មាន​ប្រទេស​ណា​នៅ​ស្ងៀម​បានទេ​ បើ​ប្រទេស​ដ៏​ទៃ​លូកដៃ​ចូល​ផ្ទៃក្នុង

44

ភ្នំពេញ ៖ ​អ្នកនាំពាក្យ​កាន់អំណាច ឯកឧត្តម សុខ ឥសាន ​បាន​ឲ្យ​ដឹងថា ​ជា​សត្យានុម័ត ទំនាក់ទំនង​រវាង​ប្រទេស​នឹង​ប្រទេស ​អាច​រក្សា​ស្ថេរ ភាព​និង​និរន្តរភាព​យូរអង្វែង​ទៅ​បាន ​លុះត្រាតែ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ស្មើ​ភាព ស្មើ​សិទ្ធិ និង​មិន​ជ្រៀត​ជ្រែក​ចូល​ផ្ទៃក្នុង​ប្រទេស​ដទៃ បើ​ពុំ​ដូច្នោះ​ទេនោះ​ នឹងមិន​បាន​សុខ​ទេ ។

ការ​ថ្លែង​អោយ​ដឹង​ដូចនេះ​របស់​ឯកឧត្តម សុខ ឥសាន តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ កាលពី​ថ្ងៃទី ១២ ខែ មករា​នេះ ​ដោយ​បាន​បញ្ជាក់ថា ​មេដឹកនាំ​ប្រទេស ធំៗ​ខ្លះ​មានការ​កត់​សម្គាល់ថា​ សុំ​កុំ​ឲ្យ​ប្រទេស​ខ្លះ​ដែល​ចូលចិត្ត​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​បណ្តា​ប្រទេស​ដ៏​ទៃ​ឲ្យ​ពិចារណា​ឡើង​​វិញ បើ​ពុំ​នោះ​ទេ ប្រទេស​ទទួលរង​គ្រោះ​ គេ​នឹង​មិន​សុខចិត្ត​នៅ​ស្ងៀម​ជាដាច់ខាត​ នឹង​មាន​ការ​ឆ្លើយ​តប​ដោយ​មធ្យោបាយ​ណាមួយ​តាម​ដែល​អាច​ធ្វើ​​បាន​ជាមិនខាន​ ទោះ​មិន​សង្ឃឹម​ទទួល​បាន​ផល ​ក៏​ខិតខំ​រើ​បម្រះ​ដែរ ។

ឯកឧត្តម​ បាន​បន្តថា ​ដើម្បី​​រួមចំណែក​កសាង​ពិភពលោក​មួយ​មាន​សន្តិភាព ​ស្ថេរភាព​ និង​សុវត្ថិភាព​សម្រាប់​​ទាំងអស់គ្នា​ គួរ​ប្រទេស​ធំៗ ​ខ្លាំង ពិនិត្យ​ឡើង​​វិញ​នូវ​នយោបាយ​ប្រទេស​ធំ​ ការប្រកួតប្រជែង​មនោគមន៍​វិជ្ជា ​ការ​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ​ដើម្បី​ឧត្តមភាព​អ្វីមួយ​របស់ខ្លួន​។

ឯកឧត្តម​ បាន​បន្ថែមថា ​ជាពិសេស​គួរ​ប្រែក្លាយ​គំនិត​របស់​លោក​ប្រធានាធិបតី ​ដូ​ណា​ល់ ​អោយ​មាន​ការ​គិតគូរ​ផល​ប្រ​យោ​ជ​ន៍​ប្រទេស​នីមួយៗ​ជា​អាទិភាព ​និង​ទុក​ឲ្យ​ប្រទេស​ដទៃ​គិតគូរ​ផល​ប្រយោជន៍​​ប្រទេស​គេ​ជា​អាទិភាព​ផងដែរ ​ឲ្យ​ទៅជា​ការ​ជាក់ស្តែង​ ពិតប្រាកដ ​ជា​ការ​ល្អ​៕