កិច្ច​សហប្រតិបត្តិការ​នាំមក​នូវ​ភាព​រីកចម្រើន

47

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ថ្លែង​លើក​ឡើង​ថា ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ ​រ​វាង​ធនាគារ​ជាតិ​ នៃ​កម្ពុជា ​និង​ធនាគារ​កណ្តាល​ឡាវ​ គឺជា​ការ​រឹតចំណង​ទ្វេ​ភាគី​របស់​ធនាគារ​កណ្តាល​ទាំងពីរ ​និង​មាន​ប្រយោជន៍​យ៉ាង​សំខាន់​ ចំពោះ​ការ​បណ្តុះ​បណ្តាល​ ពង្រឹង​សមត្ថភាព ​ជំនាញ​ ក៏ដូចជា​ ការ​ពង្រឹង​សាមគ្គីភាព ​និង​មិត្តភាព​រវាង​ធនាគារ​កណ្តាល​ទាំង ពីរ​ផងដែរ ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​ នៃ​កម្ពុជា ​បាន​ថ្លែង​លើកឡើង​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ រវាង​ធនាគារ​ជាតិ​នៃ​កម្ពុជា ​និង​ធនាគារកណ្តាល​ឡាវ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ​ភ្នំពេញ​ភោគី​ត្រា ថ្ងៃទី​១២ ​ខែមករា ឆ្នាំ​២០១៨ នេះ​ថា​ ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​របស់​ប្រតិភូ​ឡាវ​នៅ​ពេលនេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ ក្នុង ការពង្រីក​សហប្រតិបត្តិ​ការ ​និង​រឹតចំណង​មិត្តភាព​ទ្វេភាគី​របស់​ធនាគារ​កណ្តាល​ទាំងពីរ ​ក៏​ដូច​ប្រទេស​យើង​ទាំងពីរ ​ក្នុង នាម​ប្រទេស​ភូមិ​ផង​របង​តែមួយ​ ហើយ​តាមរយៈ​ទស្សនកិច្ច​ជា​ប្រពៃណី​នេះ​ ថ្នាក់ដឹកនាំ​និង​មន្ត្រី​របស់​យើង​ពិតជា​បាន បង្កើត​នូវ​ភាព​ស្និត ស្នាល ​ និង​បាន​ស្វែងយល់​ទាំង​ការអភិវឌ្ឍន៍​រីកចម្រើន ​រួមជា​មួយ​វប្បធម៌​ប្រវត្តិសាស្ត្រ ​នៃ​ប្រទេស​យើង ទាំងពីរ ។

ឯកឧត្តម បាន​បន្តថា ​បើតាម​រូប​ឯកឧត្តម​កត់សម្គាល់ ​កិច្ចសហប្រតិបត្តិការ​យើង​បាន​រីកចម្រើន​យ៉ាង​ល្អប្រសើរ ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ព្រោះ​ការ​ធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​នេះ​ ក៏មាន​អត្ថប្រយោជន៍​ចំពោះ​ការ​បណ្តុះបណ្តាល​ពង្រឹង សមត្ថភាព ជំនាញ ​ការពង្រីក​សាមគ្គីភាព និង​មិត្តភាព ​រវាង​មន្ត្រី​នៃ​ធនាគារ​កណ្តាល​ ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ។

ចំណែក ឯកឧត្តម Somphao PHAYSITH ទេសាភិបាល​ធនាគារ​កណ្តាល​ឡាវ​ បាន​ថ្លែង​លើកឡើង​ផងដែរ​ថា សម្រាប់​ការ​ទស្សនកិច្ច​របស់​ប្រតិភូ​ឡាវ​នៅ​កម្ពុជា​ពេលនេះ ​គឺជា​ការចូលរួម​ចែករំលែក​ចំណេះដឹង​ ការអភិវឌ្ឍន៍​នៅលើ ​វិស័យ​ធនាគារ​ និង​ការ​ទទួលបាន​នូវ​បទពិសោធន៍​មួយ​ចំនួន​ពី​កម្ពុជា ​ដែល​ជា​ការចូលរួមចំណែក​មួយ​ដ៏​សំខាន់​មិនអាច ​កាត់ថ្លៃ​បាន​ ហើយ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ​ ឯកឧត្តម ​សង្ឃឹមថា ​គឺជា​ការ​ជំរុញ​អភិវឌ្ឍន៍​ប្រទេស​យើង​ទាំងពីរ ​មានការ​រីកចម្រើន​ឥត​ឈប់ឈរ​នៅ​លើ​វិស័យ​ធនាគារ​ផងដែរ ៕