ពោត​ចំណី​សត្វ ដែល​ដាំ​ក្នុង​ខេត្តស្វាយរៀង ត្រៀម​នាំចេញ​ទៅកាន់​ទីផ្សារ​វៀតណា​ម

43

ស្វាយរៀង ៖ ​ដំណាំ​ពោត​ជាង​១០០​ហិកតា ​ដែល​បង្កបង្កើនផល​សាកល្បង​លើកដំបូង ​នៅលើ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច ​របស់​រដ្ឋ ​ជាង​៨០០​ហិកតា​ នៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ​ខេត្តស្វាយរៀង​ ទទួល​បាន​ជោគជ័យ ​សម្រាប់​ត្រៀម​នាំចេញ​ទៅកាន់​ទីផ្សារ​វៀត​ណា​ម ​តាមរយៈ​កិច្ចសន្យា​ផ្គត់ផ្គង់​រវាង​រោងចក្រ ​និង​ក្រុមហ៊ុន​។

លោក សាន ម៉េង​ហេង ប្រធាន​ក្រុមហ៊ុន អិន ខេ វេន​ឈ័​រ ខេ​ម​បូ​ឌា លី​មី​ធី​ត បាន​ប្រាប់​ថា ក្រុមហ៊ុន​មាន​គម្រោង​ដាំ​ពោត​ចំណី​សត្វ​៣០០​ហិតា ​នៅលើ​ផ្ទៃដី​សម្បទាន​របស់​រដ្ឋ ជាង​៨០០ ហិកតា ​ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម ​ដែល​បច្ចុប្បន្ន ​ដំណាំ​ពោត​របស់​ក្រុមហ៊ុន ដាំ ទទួល​បាន​ជោគជ័យ ជាង​១០០​ហិកតា​ហើយ ​និង​កំពុង​រៀបចំ​នាំ​ចេញទៅ​ប្រទេស​វៀតណាម​។

លោក ​បាន​ឲ្យ​ដឹងថា ដាំ​ដំណាំ​ពោត មាន​ភាព​ងាយស្រួល​ដាំ​ជាង​ដំណាំ​ផ្សេងៗ​ទៀត​។​ ពោត នឹង​ផ្តល់​ផល​ក្នុង​រយៈពេល​តែ​៨៥​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយពេល​ដាំ និង​អាច​ទទួល​បាន​ទិន្នផល​៤០​ទៅ​៥០ តោន ក្នុង​មួយ​ហិកតា​ តាមរយៈ​ការប្រើប្រាស់​ជី និង​ផ្តល់​ទឹក​គ្រប់គ្រាន់ ​ហើយ​ក្នុង​មួយ​រដូវ ​អាច​ច្នៃ​ដាំ​បាន ​ពីរដង ​និង​នៅ​ខែ​៦​ទៅដល់​ខែ​១១ ​គឺ​ប្តូរ​ទៅ​ផលិត​ស្រូវ​វិញ ​ដើម្បី​កែច្នៃ​ផ្ទៃដី​ដាំ​ពោត​ពី​លើក​មុន​អោយ​មាន​ ជីជាតិ​ឡើងវិញ​។

លោក សាន ម៉េង​ហេង បាន​បន្ថែមថា​ ការដាំ​ពោត​របស់​ក្រុមហ៊ុន​លោក​ ទទួល​បាន​ជោគជ័យ​ដោយមាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ស្រុក អាជ្ញាធរ​ដែនដី ពិស​រស មន្ទីរ​កសិកម្ម​ខេត្ត ​ធ្វើការ​សម្រប សម្រួល ដើម្បី​ចុះ​កិច្ចសន្យា​ទិញ ​លក់ ពី​រោងចក្រ​ផលិត​ចំណី​សត្វ​វៀតណាម​ ដោយ​ទទួល​បាន​កម្រៃ​មួយ តោន ទាំង​ផ្លែ ស្លឹក និង ដើម តម្លៃ​ដល់​ទៅ​៣៥​ដុល្លារ​។

លោក ថាច់ រតនា​ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តស្វាយរៀង ​បាន​បញ្ជាក់ថា ​ខេត្តស្វាយរៀង​ បន្ទាប់​រាជ រដ្ឋាភិបាល​កម្ពុជា ​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​នានា ​នៅក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ​នេះ មាន​ក្រុមហ៊ុន​ខ្លះ​បាន​ធ្វើការ​អភិវឌ្ឍន៍​ដីធ្លី​ទៅតាម​គម្រោង ឯ​ក្រុមហ៊ុន​ខ្លះ ​បាន​អភិវឌ្ឍន៍​វិស័យ​កសិកម្ម បាន​ល្អ​ប្រសើរ​។ ជាក់​ស្តែង ក្រុមហ៊ុន អិន ខេ វេន​ឈ័​រ ​បាន​ផ្ទេរ​ដី​ធ្លាប់​ដាំ​អំពៅ អោយ​ទៅ​ក្រុមហ៊ុន​ផ្សេង មួយទៀត​ ធ្វើ​ការដាំដុះ​ទៅតាម​គោលការណ៍​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ ពោល​គឺ​ផ្ទៃដី ដែល រាជរដ្ឋាភិបាល​ធ្វើ​សម្បទាន​នៅ​ក្នុង​ខេត្ត​ មិនមាន​ដី​ណាមួយ​បាន​បោះបង់ចោល​ទំនេរ​ឡើយ​៕