សម្តេច​តេ​ជោ ហ៊ុន ​សែន មានប្រសាសន៍​លើកទឹកចិត្ត​ដល់​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

139

ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​សរសើរ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​រីកចម្រើន​គឺ​មិនមែន​ចាប់​ផ្តើម​ពី​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នោះទេ ​ប៉ុន្តែ​សេដ្ឋកិច្ច​របស់​យើង​រីក​លូតលាស់​មកដល់ពេលនេះ​ គឺ​ចាប់​ផ្តើម​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ហើយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​មិន​ស្លាប់​ទេ​, ផ្ទុយទៅវិញ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ទេ​ដែល ​អាច​នឹង​ស្លាប់​ ប្រសិនបើ​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពី​ខាងក្រៅ​។

សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បង្ហាញ​អំពី​ចក្ខុវិស័យ​យ៉ាង​ដូច្នេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​មាន​វត្តមាន​ចូលរួម​ជិត​៥​ពាន់​នាក់ ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៤​ខែមករា ឆ្នាំ​២០១៨​នេះ​។

សម្តេច ​បាន​មានប្រសាសន៍ថា ការ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ដែល​សម្តេច​ បានប្រកាស​រួច​ហើយ​នោះ ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សេដ្ឋកិច្ច​របស់​កម្មករ ទាំង​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ពី​នយោបាយ​គាំពារ​សង្គម ពី​រាជ​រដ្ឋាភិ​បាល​ដូចគ្នា ​ដែល​ក្នុង​នោះ ​គឺ​បាន​ប្រកាស​ឱ្យ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​ទៅ​ពិនិត្យ ​និង ព្យាបាល​ជំងឺ​ នៅតាម​មន្តីរ​ពេទ្យ​រដ្ឋ​ ឬ ​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ​។

សម្តេច​ បាន​បន្តថា ​បើ​និយាយ​អំពី​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​, យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​ សេដ្ឋកិច្ច​របស់​យើង​មិនមែន​ចាប់ផ្តើម​ រីកលូតលាស់​ពី​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នោះទេ​ ប៉ុន្តែ​សេដ្ឋកិច្ច​របស់​យើង​គឺ​រីក​លូតលាស់​ដោយ​ចាប់​ផ្តើម​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះឯង​។

ក្នុងន័យនេះ សម្តេច​ក៏បាន​ថ្លែង​នូវ​ការ​រីករាយ​និង​សរសើរ​ដល់​ថ្នាក់ដឹកនាំ​ នៃ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ចេះ​ចងក្រង​គ្នា​ដើម្បី​រៀបចំ​ ឱ្យ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ​ដែល​មកដល់ពេលនេះ​គេ​នៅតែ​ឃើញថា ​តួលេខ​នៃ​កម្មករ ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ត្រឹមតែ​១​លាន​៤​សែន​នាក់ ​ប៉ុន្តែ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​រហូតដល់​២​លាន​៤​សែន​នាក់​ ដូច្នេះ ​ចំនួន​នៃ​អ្នក​ដែល​មាន​ការងារ​ធ្វើ​ដែល​ចេញពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ទំហំ​ធំ​ជាង ​ហើយ​ថ្ងៃនេះ ​បាន​បង្ហាញ​ឱ្យឃើញថា ​រាជរដ្ឋាភិបាល តាមរយៈ​សេនាធិការ​របស់​ខ្លួន​គឺ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ប្រមូល​ផ្តុំ​រៀបចំ​ និង​ធ្វើការ​ជាមួយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​យ៉ាង​ល្អ ​ទន្ទឹម​នឹង​អ្នកខ្លះ​ដែល​បាន​ដើរ​ប្រកូក​ប្រកាស ​តាងនាម​ឱ្យ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ​, ប៉ុន្តែ​បើ​ពិនិត្យ​មើល​ទៅ​អ្នក​ទាំងនោះ គឺ​ប្រៀប​ដូចជា​ អាប​ ដែល​មានតែ​ក្បាល និង​អត់​ដងខ្លួន​និង​កន្ទុយ ​ហើយ​ស្រែក​លឺ នោះ​លឺ​! ​ ប៉ុន្តែ​ថ្ងៃនេះ ​គឺ​មិន​មាន​វត្តមាន​របស់​ពួកគេ​ទេ គឺ​មាន​វត្ត​មាន​នៃ​អ្នក​អនុវត្ត​ពិត​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

សម្តេច​តេ​ជោ នាក​យ​រដ្ឋមន្ត្រី បាន​បន្តថា ​ដែល​ហៅថា សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គឺ​មាន​អត្ថន័យ​យ៉ាង​ទូលំទូលាយ​ណាស់ ដួច​ជា​ការ​បង្កើត​នូវ​មុខរបរ​ផ្សេងៗ ​ដែល​នេះ​ហើយ​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​។​ សម្តេច​ បន្តថា ក្នុង​ជីវិត​របស់​សម្តេច ​ធ្វើជា​នាយករដ្ឋមន្ត្រី​៣៣​ឆ្នាំ​មកនេះ​ គឺ​មិនមែន​រស់​ដោយ​អំពើ​ផ្តាច់ការ​ ឬ​ដោយ​ចុង​កាណុង​នោះឡើយ ​។ ឆ្លងកាត់​ពេលវេលា និង​ការ​លំបាក ជាច្រើន ដោយ​ការ​ជឿទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​នានា និង​ការ​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​នោះ សម្តេច​សង្ឃឹមថា​ ប្រជាពលរដ្ឋ​របស់​យើង​នឹង​បន្ត​ផ្តល់​ទំនុក​ចិត្ត​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខជា​បន្តទៀត​។​

ទោះជា​យ៉ាងណាក៏ដោយ សម្តេច​ក៏បាន​ផ្ដាំផ្ញើ​ថា ថ្វីបើ​យើង​ទទួល​បាន​ការ​រីកចម្រើន​ មាន​មធ្យោ​បាយ​ថ្មី​ហើយ មិនគួរ​បោះបង់ចោល​នូវ​មធ្យោបាយ​ចាស់​នោះទេ ​យ៉ាងណាមិញ​ដូចជា​បញ្ហា​ស៊ីក្លូ គឺ​ត្រូវ​បានធ្វើ​ការ​អភិរក្ស​ ដោយ​ប្រមូល​ផ្តុំ​ឱ្យមាន​មូលនិធិ ​សមាគម​ស៊ីក្លូ​ផងដែរ ​ហើយ​ការ​អភិរក្ស​ស៊ីក្លូ​ជា​ការ​អភិរក្ស​នូវ​អត្តសញ្ញាណ​ ដែល​វត្តមាន​ស៊ីក្លូ​មាននៅ​កម្ពុជា ​តាំងពី​សម័យ​អាណានិគម​បារាំង​មក​ម្ល៉េះ​។

ដោយឡែក​នៅ​ប្រទេស​បារាំង ​ដែលជា​ប្រទេស​ជឿនលឿន​ហើយ​នោះ​ក៏​នៅ​តែមាន​រទេះសេះ ផងដែរ​។ ​ដូច្នេះ ពី​ពេលនេះ​ទៅមុខ ​ត្រូវ​ពង្រីក​នូវ​ស្នាដៃ ​សមាគម ពង្រីក​ដើម​ទុក​ដោយ​ខ្លួន​យើង​ផ្ទាល់​ និង​លើកទឹកចិត្ត​ឱ្យ​បណ្តា​ធនាគារ​ទាំងឡាយ ​ផ្តល់​ទុក​សម្រាប់​សេដ្ឋកិច្ច ​ក្រៅ​ប្រព័ន្ធ ដើម្បី​បាន​ដើរតួរ​នាទី និង​ធានា​ភាព​ធុន​របស់ខ្លួន​។ ​សម្តេច​ក៏បាន​ផ្ដាំផ្ញើ​ឱ្យ​បណ្តា​អាជីវកម្ម ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​ទៅ​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ឱ្យ​កម្មករ កម្មការិនី នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ ពី​គោលនយោបាយ​គាំពារ​សង្គម ដូច​កម្មករ ក្នុង​ប្រព័ន្ធ​ដទៃ​ទៀត ពី​រាជរដ្ឋាភិបាល​ផងដែរ​។

សម្តេច ​បាន​ផ្ដាំផ្ញើ​ថា ដើម្បី​រក្សា​ការងារ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ឱ្យ​គង់វង្ស ​នោះ​ការងារ​ធំជាងគេ ​គឺ​ត្រូវ​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​ ស្ថេរភាព នយោបាយ​ឱ្យបាន​ល្អ​។ ​សម្តេច​ បាន​ឧទាហរណ៍ ​ថា ​ជាក់ស្តែង​ដូចជា​ការ​ប្រកប​របរ រត់​តាក់ស៊ី ​បើកបរ​ទៅ​គ្រប់​ទីកន្លែង​ នា​សព្វថ្ងៃនេះ គ្មាន​ការ​បាញ់ប្រហារ ​នៅតាម​ផ្លូវ​ដូច​ពី​អតីតកាល​នោះឡើយ​ ដូច្នេះ ត្រូវ​ចាំ​ថា​ ការប្រកប​ មុខរបរ ទទួលទាន​ផ្សេងៗ​ បាន​គឺ​បាន​មកពី​កត្តា​សុខ​សន្តិភាព​នេះឯង​។ ទាក់ទង​នឹង​សន្តិភាព​នេះ ​សម្តេច​ថា​ការប៉ុនប៉ង​ធ្វើ​បដិវត្ត ពណ៌​​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ត្រូវ​បាន​ទប់ស្កាត់​។ ​សម្តេច​គូស​បញ្ជាក់ថា កម្ពុជា​ គឺមាន​ជំរើស​ នយោបាយ​របស់ខ្លួន ​ដែល​មិន​ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​អ្នកណា​នោះ​ឡើយ​។

សូមបញ្ជាក់ថា ​៖ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​នៅថ្ងៃនេះ រួមមាន​ថ្នាក់ដឹកនាំ​សមាគម ៣៨​នាក់​, អ្នក​រត់​ម៉ូតូ​កង់​បី ២,២៥០​នាក់​, អ្នក​រត់ម៉ូតូឌុប ១,៤៧៧​នាក់​, អ្នករត់​តាក់ ១២០​នាក់​, រថយន្ត​ដឹក​កម្មករ ៦០​នាក់ ​រថយន្ត​ដឹកទំនិញ​ ៥០​នាក់ ​អាជីវករ​លក់ដូរ​តូចតាច ​៤៤០​នាក់ សេវា​កម្សាន្ត​ផ្សេងៗ ​២៥០​នាក់​។ ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខាង​លើនេះ​ មកពី​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​។ ​ សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​នេះ ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ​ដោយ​លោក ឯ សុភា​ស់ ​ហើយ​បច្ចុប្បន្ន​សមាគម​នេះ​មាន​សមាជិក​សរុប​ប្រមាណ ​១​ម៉ឺន​៧​ពាន់​៦៨០​នាក់​។ ​បច្ចុប្បន្ន​សមាជិក ៨​ពាន់​នាក់ ​បាន​ស្នើសុំ​ចុះបញ្ជី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​៤​ពាន់​នាក់ ​បាន​ទទួល​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​រួចរាល់​ហើយ​៕