ឧត្ដរមានជ័យ ៖ តំណាងអោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត បានប្រគល់ផ្ទះ និងសម្ភារៈប្រើប្រាស់មួយ ចំនួន ដល់គ្រួសារអតីតយុទ្ធជន មួយគ្រួសារ នៅស្រុកបន្ទាយអំពឹល នាព្រឹកថ្ងៃទី១៤ មករា ២០១៨នេះ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុកដល់គ្រួសារអតីតយុទ្ធជនកងទ័ពពលីដែលចូលសោធន និវត្តន៍ នឹងបានផ្តល់ផ្ទះចំនួន១ខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នឹងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ផ្តល់ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជនកងទ័ពសោធននិវត្តន៍ ដែលមានទីលំនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពឹល ដែលបានទទួលមរណភាពកាលពីពេលកន្លងទៅថ្មីៗនេះ ។
ក្នុងនោះលោកស្នងការនគរបាលខេត្ត បានពាំនាំនូវពាក្យផ្ដាំផ្ញើសាកសួរសុខទុក ពីសំណាក់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាលឯកឧត្តមបណ្ឌិត តែងតែមានការគិតគូរនឹងយកចិត្តទុកដាក់យ៉ាងខាំ្លង មកលើបងប្អូនប្រជាពលរដ្ឋ ដែលបានជួបការលំបាកគ្រប់ៗគា្ន ពិសេសនោះគ្រួសារអតីតយុទ្ធជនពលី នៅស្រុកបន្ទាយអំពឹលនេះ តែម្តង ដែលកំពុងមានការលំបាក។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានផ្ដាំផ្ញើឲ្យអ្នកមីង ភួយ អួយ ដែលជាភរិយាគ្រួសារអតីតយុទ្ធជនពលី ដែលបានទទួលផ្ទះ១ខ្នង នឹងសម្ភារៈប្រើប្រាស់មួយ ចំនួន ត្រូវចេះថែរក្សាផ្ទះសំបែងរបស់ខ្លួនឲ្យបានល្អប្រសើរ នឹងគង់វង្សយូរអង្វែង។
គួរបញ្ជាក់ថា អំណោយដែលត្រូវផ្ដល់ដល់គ្រួសារអតីតយុទ្ធជននាពេលនេះ ៖ ផ្ទះ១ខ្នង គ្រែ១ នឹងសម្ភារៈប្រើប្រាស់មួយចំនួនរួមមាន ៖ អង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រីទឹកស៊ីអ៊ីវ នឹងផ្តល់ថវិកាជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន នឹងប្រជាពលរដ្ឋជួបការលំបាក ដែលបានមកចូលរួម ចំនួន៣៥នាក់ ក្នុងមា្នក់ៗ ទទួលបានថវិកាចំនួន២ម៉ឺនរៀលផងដែរ៕