ក្រុម​សង្គ្រោះ​អគ្គិភ័យ​កងពល​តូច​លេខ​៧០​ អំពាវនាវ​ដល់​ពល​រដ្ឋ​ឲ្យ​រាយការណ៍​បន្ទាន់ពេល​មាន​អគ្គីភ័យ​កើតឡើង

42

ភ្នំពេញ ៖ ​ ក្រុម​សង្គ្រោះ​អគ្គិភ័យ​របស់​កងពល​តូច​លេខ​៧០ ​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រាយការណ៍​បន្ទាន់​ដល់​អង្គភាព​របស់លោក​ខណៈ​មាន​បញ្ហា​អគ្គិភ័យ​កើតឡើង ហើយ​ថា​ការសង្គ្រោះ​របស់​អង្គភាព​នេះ​ពុំ​មាន​យក​ថវិកា​ពី​បងប្អូន​ប្រជាពលរដ្ឋ​ និង​ជនរងគ្រោះ​នោះឡើយ​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ធ្វើការ​បង្ហាញ​នូវ​ជំនាញ​របស់​ខ្លួន​ ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ និង​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ នា​ថ្ងៃទី​២ ​ចំ​នឹង​ថ្ងៃទី​១៣​ ខែមករា ឆ្នាំ​២០១៨ ​លោក វរសេនីយ៍ត្រី ហ៊ុត គឹមហុង ​មេបញ្ជាការរង​កងអនុសេនាធំ​ចល័ត​សង្គ្រោះ​បន្ទាន់​៧១១ នៃ​កងពល​តូច​ លេខ​៧០ បាន​លើក​ឡើងថា ​ក្រុម​សង្គ្រោះ​ និង​ក្រុម​ពន្លត់​អគ្គិភ័យ​របស់​កងពល​តូច​លេខ​៧០ មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ ខណៈ​មាន​បញ្ហា​អ្វី​កើតឡើង ដូចជា​ គ្រោះថ្នាក់​ចរាចរណ៍ ​និង​អគ្គិភ័យ​អ្វី​កើតឡើង​ជាដើម​នោះ​។

ជាមួយគ្នា​នោះដែរ​លោក​វរៈសេនីយ៍ត្រី​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ក៏ដូចជា​ជន​រង​គ្រោះ​ទាំងអស់​ប្រសិនបើ​មាន​ក្រុមការងារ ​នៃ​កងពលតូច​លេខ​៧០​ យក​ថវិកា រ​បស់​បង​ប្អូន​ ពេល​សង្គ្រោះ​នោះ​សូម​រាយការណ៍​បន្ទាន់​ដល់​ថ្នាក់លើ​ ហើយ​ថ្នាក់លើ​នឹង​ចាត់​វិធានការណ៍​បុគ្គល​នោះ​ជាក់​ជា​មិន​ខាន់ឡើយ​។​ យ៉ាងណាក៏ដោយ​លោក​វរៈសេនីយ៍ត្រី​ បាន​អះអាង​បន្តថា ​ក្រុមការងារ​របស់​លោក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​មនុស្សធម៌​ និង​ត្រៀមខ្លួន​បំរើ​ប្រជាពលរដ្ឋ​ជានិច្ច​ ខណៈ​ពួកគេ​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​។

សូម​រំលឹកថា​ ក្រៅពី​កងពលតូច​លេខ​៧០ អង្គភាព​មួយ​ចំនួន​ផ្សេងទៀត​ក៏បាន​ធ្វើការ​បង្ហាញ​អំពី​ជំនាញ​របស់​ខ្លួន​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ការងារ​ផងដែរ ​ដូចជា​ក្រុម​ដោះមីន​ CMAC ក្រុម​ស្រាវជ្រាវ​អាវុធ​គីមី​ដែល​ចំណុះ​ឲ្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​ជាដើម​៕