ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្សប្រុស–ស្រីចំនួន ៣នាក់ ក្នុងនោះ មានបុរសថៅកែ ជនជាតិចិនម្នាក់ ផងដែរ បានរង របួស យ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនយកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗ និងបាក់ជញ្ជាំងផ្ទះល្វែងរបស់អ្នកជិត ខាងអស់មួយផ្ទាំងផងដែរ ក្រោយពេលដែលមានសំឡេង ផ្ទុះដូចគ្រាប់បែកលាន់ឡើងកក្រើកដីមួយ ដោយសារតែការផ្ទះ ឡផលិតឧស្ម័នប្រើសំរាប់កាត់ និង ផ្សារដែកនោះ។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃត្រង់ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ ២៨ ផ្លូវ បេតុង ភូមិព្រែកតាគង់៣ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង ៣នាក់មានឈ្មោះ ឡៃ ជុង ភេទប្រុស អាយុ ៧០ឆ្នាំ ជាថៅកែឡ ផលិតឧស្ម័នខាងលើ ។ចំណែកឯកម្មករប្រុស ស្រី ចំនួន ២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅ ឡើយ។មុនពេលកើតហេតុ គេបានឭសំឡេងផ្ទុះដូចគ្រាប់បែកមួយលាន់ឮ យ៉ាងខ្លាំងកក្រើកដី ចេញពីផ្ទះផលិតឧស្ម័ន ដែលគេប្រើសំរាប់កាត់ និង ផ្សារដែកខាងលើ ដោយបណ្តាលអោយបុរសជនជាតិចិនជាថៅកែ រួមទាំង កម្មករប្រុស ស្រី ចំនួន ២នាក់ទៀត រងរបួសយ៉ងធ្ងន់ធ្ងរ និង ត្រូវបានគេបញ្ជូនយកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះយ៉ាងប្រញាប់ប្រញាល់ ផងដែរ។
តាមប្រភពដដែល បានបន្តទៀតថា ក្រៅពីបង្កអោយមានមនុស្សប្រុស ស្រី យ៉ាងហោចណាស់ចំនួន ៣នាក់ខាងលើនេះដែរ ក៏បណ្តាលអោយបាក់ជញ្ជាំងផ្ទះល្វែងរបស់អ្នកជិតខាងនោះ បណ្តាលអោយបាក់អស់ចំនួនមួយផ្ទាំងធំ ផងដែរ ដោយមិនបានបង្កឱ្យមានជាអគ្គិភ័យទេ ហើយក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ច និង រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកធ្វើអន្តរាគមន៍ផងដែរ តែមិនបានប្រើប្រាស់ទឹកឡើយ៕