Kyren Wilson ទម្លាក់ Mark Williams ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស្នូកឃ័រ The Masters ខណៈ O’Sullivan បរាជ័យ​

89
កីឡាករ Kyren Wilson

ស្នូកឃ័រ៖ ​កីឡាករ​លំដាប់​លេខ 14ពិភពលោក Kyren Wilson បាន​បន្ត​ដំណើរ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស្នូកឃ័រ The Masters ក្រោយពី​យកឈ្នះ​កីឡាករ​ជើងឯក​ពីរ​សម័យ​នៅ​ទីនេះ Mark Williams 6-1 ហ្វ្រេ​ម​។

កីឡាករ Ronnie O’Sullivan

​​កីឡាករ​វ័យ 26ឆ្នាំ Wilson ចាប់ផ្ដើម​បាន​ល្អ​ដោយ​នាំមុខ 4-0 ហ្វ្រេ​ម​មុន មុន​ពេល​ដែល Williams តាម​បាន​មួយ​ហ្វ្រេ​ម​វិញ​។ តែ​ពីរ​សិត​បន្ទាប់ Wilson បាន​យកឈ្នះ​ផ្ទួនៗ​។ Wilson នឹង​ត្រូវ​បន្ត​ជួប​ជាមួយ Judd Trump រឺ Shaun Murphy វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​នេះ​។​ ​កីឡាករ​សញ្ជាតិ​វែ​ល​វ័យ 42ឆ្នាំ Mark Williams ឯណោះ​វិញមុន​ឡើង​មកដល់​វគ្គ​នេះ​ បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើលដោយ​ទម្លាក់​កីឡាករ​លំដាប់​លេខ1 ពិភពលោក Mark Selby នៅ​ជុំ​ទី​មួយ​។ ​ចំណែក​ការប្រកួត​មួយទៀត Ronnie O’Sullivan ដែល​ជា​អ្នកការពារ​តំណែង​ជើងឯក​នោះបាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ហើយ ​ដោយ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​អៀក​ឡង់​ខាងជើង Mark Allen លទ្ធផល 6-1 ហ្វ្រេ​ម​។

​​កីឡាករ​វ័យ 42ឆ្នាំ​រូប​នេះ​ចាប់ផ្ដើម​ដំបូង​ឈ្នះ​មួយ​ហ្វ្រេ​ម​មុន តែ​ក្រោយមក​កីឡាករ​លំដាប់​លេខ 8ពិភពលោក Mark Allen វយ​បក​វិញ​ដោយ​យកឈ្នះ 6ហ្វ្រេ​ម​ផ្ទួន​។ ​ក៏ប៉ុន្តែ​ក្រោយ​ចប់​ការប្រកួត​នេះ O’Sullivan បែរជា​និយាយ​ថា ​គេ​រីករាយ​ដែល​ចាញ់​បែបនេះ​។ ​តាម​ពិត​ទៅ O’Sullivan មាន​ជំងឺ​អំឡុង​ការ​ប្រកួត​នេះ​ ដែល​ធ្វើ​អោយ​គេ​មិន​អាច​ប្រមូល​អារម្មណ៍​គ្រប់គ្រាន់​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ