ពលរដ្ឋ​ហៃ​ទី​តវ៉ា​នឹង​សំដី​របស់​លោក ត្រាំ ​ដែល​ហៅ​ក្រុម​ជនអន្តោប្រវេសន៍​តំបន់​អាហ្វ្រិក​ និង​ហៃ​ទី ​ថា​ជា​អ្នក​មក​ពី​ប្រទេស​សំរាម​​

88

ហៃទី៖ ​ពលរដ្ឋ​ហៃ​ទី​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​ នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង Port au Prince នៅ​ថ្ងៃ​សុក្រ​នេះ តវ៉ា​ប្រឆាំង​នឹង​សម្ដី​របស់​លោកប្រធានាធិបតីអាមេរិក Donald Trump ដែលត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ហៅ​ក្រុមជនអន្តោប្រវេសន៍​មួយ​ចំនួន មកពីប្រទេស​ក្នុង​តំបន់​អាហ្វ្រិក និង​ហៃ​ទី​ថា​ជា​អ្នក​មកពី​ប្រទេស​សំរាម​។​

​លោក ដេវីត អូ​ស៊ី​ជិន មេដឹកនាំ​អង្គការ​សង្គម​ឆ្វេង​និយមក្នុង​តំបន់​មួយ​និយាយ​ថា យើង​កំពុង​និយាយ​ថា លោក ត្រាំ​ ជា​មនុស្ស​រើសអើង​ពូជសាសន៍ ជា​ប្រធានាធិបតី​ឧក្រិដ្ឋជន។ យើង​កំពុង​ប្រកាស​ថា លោក ត្រាំ ​ជា​មនុស្ស​មិន​ចេះយោគយល់​នរណា។ ​លោក ត្រាំ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ថ្លែង​នៅកិច្ចប្រជុំ​ក្នុង​សេត​វិមាន ស្ដីពីការ​ធ្វើ​អន្តោប្រវេសន៍កាលពី​ថ្ងៃ ១១​មករា ហើយសមាជិក​ព្រឹទ្ធសភាអាមេរិក​មួយ​រូប ​ដែលបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដែរបាន​និយាយ​ថា ការ​ជួបជុំ​កាលពី​ថ្ងៃ​១២ ខែ​មករា លោកប្រធានាធិបតីរូប​នេះ​បានប្រើ​ភាសា​អសុ​រស, គ្មាន​សីលធម៌ រួម​ទាំង​ការ​លើក​ឡើង​ដដែលៗថា ​មានការ​ប្រើ​ពាក្យ​ប្រមាថសំរាម៕
អត្ថបទ៖ សុខ​មាន