គ.ជ.ប ផ្សព្វ​ផ្សាយ​ពី​ការ​ផ្តល់​សុពលភាព​ និង​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១៧

81

 

​ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ថា​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ ​ស្តីពី​ការ​ផ្តល់​សុពលភាព ​និង​ការ​ប្រកាស​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១៧​ នៅ​សប្តាហ៍​ក្រោយ​នេះ​។

ក្នុង​សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ ដែល​BTV ​ទទួល​បាននៅ​ថ្ងៃ​ទី​១៩ ​ខែ​មករា ឆ្នាំ​២០១៨​នេះ ​បាន​អោយ​ដឹង​ថា​ កិច្ច​ប្រជុំ​ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​២៤ ​ខែ​មករា​ ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ ​ក្រសួង​ពាក់ព័ន្ធ​នានា ​តំណាង​គណបក្ស​នយោបាយ ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ ​តំណាង​ស្ថាន​ទូត​ជប៉ុន ​ជំនាញ​ការ​ JICA ​និង​ជំនាញ​ការ​កូរ៉េ ​ប្រចាំ​នៅ ​គ.ជ.ប ​និង​អ្នក​សារព័ត៌មាន​ជាតិ ​និង​អន្តរជាតិ​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ដដែល​បន្តថា ​កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ចូលរួម​មតិ​សំណេះ​សំណាល​ពី​ឯកឧត្តម​ ហែល​ សារ៉ាត់​ សមាជិក​ គ.ជ.ប ​និង​​ជា​ប្រធាន​អង្គ​ប្រជុំ ​និង​ការ​ឆ្លើយ​បំភ្លឺ​ទៅ​កាន់​មតិ​យោបល់​ដែល​លើក​ឡើង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។

យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នា​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ​គឺ​មាន​រយៈ​ពេល​៧០​ថ្ងៃ ​​គឺចា​ប់​ពី​ថ្ងៃ​ទី​១​កញ្ញា ​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ គ.ជ.ប បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ បញ្ជី​បោះឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៧​នេះ ​មាន​គោល​ដៅ​ធានា​អោយ​បញ្ជី​បោះ​ឆ្នោត​មាន​ភាព​ពេញ​លេញ ​ភាព​ត្រឹមត្រូវ ​និង​មាន​បច្ចុប្បន្ន​ភាព​ ប្រកប​ដោយ​សុវត្ថិភាព ​តាម​រយៈ​ការ​ស្រង់​ និង​លុប​ឈ្មោះ​អ្នក​ដែល​ទទួល​មរណៈភាព​ អ្នក​ដែល​ត្រូវ​ដក​ហូត​សិទ្ធិ​បោះឆ្នោត​បណ្តោះ​អាសន្ន ​និង​អ្នក​ដែល​ផ្លាស់​ទី​លំនៅ​ ឬ​ទី​សំណាក់​ចេញ​ទៅ​ឃុំ​ផ្សេង ​ដោយ​ផ្អែក​លើ​ឯកសារ​ត្រឹមត្រូវ។​

ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​សាកល​អាណត្តិ​ទី​៦​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ​នឹង​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ចូល​រួម​ប្រគួត​ប្រជែង​៕