អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា ​១៩​ថ្ងៃរាជ​រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង​៩១២.៨​លាន​រៀល​ចំពោះ​កម្មការិនី​​សម្រាល​កូន

152

 

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ថ្លែង​ថា ​មិន​ទាន់​បាន​១​ខែ​ផង​ គឺ​រាជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ប្រាំបួន​រយ​ដប់​ពីរ​ចុច​ប្រាំបី​(៩១២.៨)​លាន​រៀល ​សម្រាប់​ឧបត្ថម្ភ​ដល់​កម្មការិនី​ដែល​បាន​សម្រាល​កូន​ចំនួន​២២៨២​នាក់​។

ឯកឧត្តម ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ថ្លែង​ប្រាប់​ឱ្យ​ដឹង​ថា ​រយៈ​ពេល​១៩​ថ្ងៃ ​នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​កម្ម​វិធីថ្មី ​របស់​រាជ​រដ្ឋាភិបាល​សម្តេច​តេជោ ​ហ៊ុន សែន ​ក្នុង​ការ​បើក​ផ្តល់​សាច់​ប្រាក់​ជូន​កម្មការិនី​ ដែល​សម្រាល​កូន​នោះ ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ នៃ​ក្រសួង​ការងារ​ បាន​ទទួល​បញ្ជី​កម្មការិនី​សម្រាល​កូន​សរុប​ចំនួន​ ២​ ២៦៣​នាក់ ​និង​បញ្ជី​ទា​រក​សរុប​ចំនួន​ ២​២៨២​នាក់​ និង​បាន​បើក​ផ្តល់​ថវិកា​សរុប​ចំនួន​ ៩១២.៨​លាន​រៀល។​

ឯកឧត្តម​ បន្តថា ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ​មក​ដល់​ថ្ងៃ​ទី​១៩ ​ខែ​មករា ​នេះ​មាន​កម្មការិនី​ដែល​សម្រាល​បាន​កូន​ភ្លោះ​២​ មាន​ចំនួន​១៩​នាក់​ផងដែរ​។ ​ឯការ​ឧបត្ថម្ភ​នេះ​បាន​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​អនុវត្ត​កម្ម​វិធី​ បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ ដល់​កម្មករ​និយោជិត​ជា​ស្រ្តី​ ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ពេល​សម្រាល​កូន​។

សូម​ជំរាប​ថា​ សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ​បាន​ប្រកាស​ដាក់​ចេញ​គោល​នយោបាយ​ថ្មី​របស់​រាជ​រដ្ឋាភិបាល ​ឧបត្ថម្ភ​ថវិកា​ដល់​កម្មការិនី​ ឆ្លង​ទន្លេ​ចំនួន​៤០​ម៉ឺនរៀល ​សម្រាប់​អ្នក​កើត​បាន​កូន​ម្នាក់ ​ចំណែក​អ្នក​ កើត​បាន​កូន​ភ្លោះ​ពីរ​នាក់​ ទទួល​បាន​៨០​ម៉ឺនរៀល ​និង​សម្រាប់​អ្នក​កើត​បាន​កូន​ភ្លោះ​បី​ ១​លាន​២​សែន​រៀល​ ដែល​គោល​នយោបាយ​នេះ ​ចាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០១ ​ខែ​មករា​ ឆ្នាំ​២០១៨​តទៅ​។ រាជ​រដ្ឋាភិបាល ​បាន​ត្រៀម​បម្រុង ​ចំណាយ​ថវិកា​ប្រមាណ​ ១០​លាន​ដុល្លា​រ​អាមេរិក ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ចំណាយ​ប្រាក់​ ឧបត្ថម្ភ​ដល់​កម្មការិនី​ឆ្លង​ទន្លេ​៕