សភា​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិក​ នៅឆ្នាំ២០១៩

120

ភ្នំពេញ ៖ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាប្រចំាឆ្នាំលើកទី២៧ នៃ​វេទិកា​សភាអាស៊ីប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា (APPF) នៅឆ្នាំ២០១៩ បន្ទាប់​ពី​រដ្ឋសភា​សាធារណរដ្ឋ​សង្គមនិយមវៀតណាម បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀបចំ​កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៦ ដោយជោគជ័យ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ នាទី​ក្រុងហាណូយ។

ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃ​ព្រឹទ្ធសភា បាន​ដឹក​នាំ​គណៈប្រតិភូ​សភា​កម្ពុជា​ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានឡើងមានប្រសាសន៍ទទួលភារកិច្ចបន្តពីសភាប្រទេសវៀតណាម បន្ទាប់ពីកិច្ចប្រជុំបានអនុម័ត គំាទ្រ ក្នុងការប្រគល់តួនាទីដ៏សំខាន់នេះ ជូនសភាកម្ពុជា។

បើតាមគម្រោង សភានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំប្រចំាលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក APPF នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ នៅពេលកម្ពុជាប្រកាសទទួលយកភារកិច្ចនេះជាផ្លូវការ នៅក្នុងកិច្ចប្រជុំលើកទី២៦នេះ សភាកម្ពុជាបានបញ្ចំាងវីដេអូឯកសារមួយ ស្តីពីការត្រៀមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះគណៈប្រតិភូ នៃគ្រួសារ APPFទំាងអស់ ក្នុងការអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា នាខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

វីដេអូ ដែលមានការអញ្ជើញ និងស្វាគមន៍ពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដែលបានក្លាយជាប្រធានវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ ជូនដល់សមាជិក អ្នកសង្កេតការណ៍ និងដៃគូពាក់ព័ន្ធនានា នៃគ្រួសារ APPF បានរៀបចំដឹកនាំផលិតដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ៕